(បាងកក)៖ ប្រទេសថៃ ហាក់បានប្រឈមមុខនឹងភាពអាម៉ាស់មួយ ចំពោះក្រុមប្រិក្សាសិទ្ធិមនុស្សនៃ អង្គការសហប្រជាជាតិ ដែលបានរៀបរាប់ពីទង្វើរបស់អាជ្ញាធរថៃកន្លងមក ដែលបានចាប់ឃុំ ខ្លួនអ្នករិះគន់រដ្ឋាភិបាលតាមប្រព័ន្ធអ៊ីនធឺណែត។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦។
ការរិះគន់ និងបន្ទាប់មកមានការបង្ក្រាបដោយចាប់ឃុំខ្លួនសកម្មជននានា ពីសំណាក់រដ្ឋាភិបាល យោធាថៃនោះ គឺបានកើតឡើងបន្ទាប់រដ្ឋាភិបាលនេះ ប្រកាសប្រើប្រាស់រដ្ឋធម្មនុញ្ញមួយ កាលពីខែ សីហា ឆ្នាំមុនដែលផ្តល់អំណាចដល់យោធាក្នុងការដឹកនាំប្រទេស យ៉ាងតឹងរ៉ឹងបំផុត។
គួរបញ្ជាក់តាមការរិះគន់របស់ក្រុមសិទ្ធិមនុស្សអន្តរជាតិថា រដ្ឋាភិបាលយោធាថៃ បានពង្រឹងកណ្តាប់ដៃរបស់ខ្លួន ក្នុងការក្តោបក្តាប់អំណាចចាប់តាំងពីការផ្តួលរលំរដ្ឋាភិបាលចាស់ ក្នុងឆ្នាំ ២០១៤។ យោធាដឹកនាំរដ្ឋាភិបាលបាន ចាប់ឃុំខ្លួនអ្នករិះគន់នានា គ្រប់ទិសទី ហើយក៏បានបង្កើតច្បាប់ថ្មីបន្ថែមទៀត ក្នុងការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ ក្នុងនោះ ជនរងគ្រោះ គឺប្រជាជនទូទៅ ស្ថាប័នសារព័ត៌មាន និង អ្នកនយោបាយមាននិន្នាការប្រឆាំង៕
ប្រភព ៖ CNA