ព័ត៌មានអន្តរជាតិ ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក បាន គីមូន គូស បញ្ជាក់ក្តែងៗ អោយដឹងថា លោក ពិតជាមានភាព "តក់ស្លុត" ជាខ្លាំង បន្ទាប់ ពី អាជ្ញាធរ ប្រទេស ហុងគ្រី ប្រើចំ ណាត់ការ បាញ់ទឹក ក៏ដូចជា បាញ់ឧស្ម័ន បង្ហូរទឹកភ្នែក បង្ខំ អោយ បណ្តាជនអន្តោប្រវេសន៍នៅ អោយឆ្ងាយ ពីព្រំប្រទល់ដែន ប្រទេសខ្លួន ។
លោក បាន គីមូន បញ្ជាក់យ៉ាងច្បាស់ថា ចំណាត់ការប្រការនេះ ចំពោះ ក្រុម មនុស្សស្វែងរកសិទ្ធ ជ្រកកោណ គឺពិតជាមិនអាចទទួលយកបាននោះទេ "unacceptable" ។ សេចក្តីរាយការណ៍ បំភ្លឺ អោយដឹងថា បណ្តាជនអន្តោប្រវេសន៍ រាប់រយនាក់ បានប៉ះទង្គិចជាមួយនឹង ក្រុមមន្រ្តីប៉ូលីស នៅ នឹងព្រំប្រទល់ដែន រវាងប្រទេស ហុងគ្រី និង Serbia នៅថ្ងៃពុធនេះ ខណៈក្រុម ជនអន្តោប្រវេសន៍ ទាំងនោះ ព្យាយាមឆ្លងកាត់ ព្រំប្រទល់ដែនតាមរយៈ របងបន្លាលួស ។ ភាគ ច្រើន នៃក្រុមមនុស្ស ជាជនអន្តោប្រវេសន៍ ចង់ធ្វើដំណើរ ទៅកាន់ ប្រទេស អាល្លឹម៉ង់ ចំ ពេល ដែល មាន ភាពចម្រូង ចម្រាស់ផ្ទៃក្នុង សហភាពអឺរ៉ុប ពាក់ព័ន្ធទៅនឹងដំណោះស្រាយ វិបត្តិជនអន្តោប្រវេសន៍ ។
ភាគី ប្រទេស ហុងគ្រី បានធ្វើការការពារខ្លួន ទៅ លើ សកម្មភាពរបស់ខ្លួន នៅតាម បណ្តោយ ព្រំ ប្រទល់ ដែន ដោយបានលើក ឡើងថា មន្រ្តីប៉ូលីស ហោច ណាស់ ២០ រូប បានទទួលរងរបួសធ្ងន់ និង ស្រាល ខណៈក្រុមជនអន្តោប្រវេសន៍ ព្យាយាមបំបែក ច្រកព្រំដែនមួយតាមរយៈការប្រើប្រាស់ ក្មេងតូចៗ ជារបាំងការពារមនុស្ស នេះបើយោងតាមអ្នក នាំពាក្យ ។ មន្រ្តី ផ្លូវការ ប្រទេស ហុងគ្រី និង Serbian អោយដឹងថា ហោចណាស់ ជនអន្តោប្រវេសន៍ ២ នាក់ ទទួល រងរបួស ។ គួររំឮកថា ប្រទេសហុងគ្រី បានប្រើចំណាត់ការ បិទច្រកព្រំដែនទាំងស្រុង ជាមួយនឹង ប្រទេស Serbia ដោយ បានលើកឡើងថា ជាការធ្វើចំណាកស្រុកខុសច្បាប់ និងបំផ្លាញ សម្បត្តិ ព្រំប្រទល់ដែនជាដើម ។
តួរលេខ បញ្ជាក់អោយដឹងថា ជនអន្តោប្រវេេសន៍ ច្រើនជាង ២០០,០០០ នាក់ បានធ្វើដំណើរដល់ ទឹកដីប្រទេស ហុងគ្រី អំឡុងឆ្នាំនេះ ក្នុងគោលបំណងធ្វើដំណើរ បន្តទៅកាន់ បណ្តាប្រទេស មាន បាននៅក្នុងតំបន់អឺរ៉ុប ដែលជាធម្មតា សហភាពអឺរ៉ុប អនុញ្ញាតអោយមាន ការធ្វើដំណើរឆ្លងកាត់ ទៅកាន់ប្រទេសជាសមាជិក ដោយមិនមានការរឹតបណ្តឹង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី