CamNews

តារា 

ពេលតារា​ចម្រៀងRain ​ច្រៀង​នៅ​កម្ពុជា​ ​រង​ការ​រិះ​គន់​ពី​មហា​ជន ​តើ​លោក គួច ខេវិន និ​យាយ​អ្វី​ខ្លះ​?

ព័ត៌មានកំសាន្ត ៖  អ្នករៀបចំកម្មវិធីសិល្បៈដ៏ល្បី នៅក្នុងប្រទេសកម្ពុជា លោក គួច ខេវិន បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ចំពោះកំពូលតារាចម្រៀងដ៏ល្បីរបស់ប្រទេសកូរ៉េ ដែលបានមកច្រៀង នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ខណៈដែលវត្តមានរបស់តារា K-pop រូបនេះ ត្រូវទទួលរងនូការរិះគន់ពីមហាជន ច្រើនជាងការសរសើរ ។ តើលោក គួច ខេវិន និយាយអ្វីខ្លះ ពីកំពូលតារាចម្រៀង Rain ដែលរងការរិះគន់ ពេលមកច្រៀងនៅកម្ពុជា?

"តាមខ្ញុំដឹងពីក្រុមការងារលោក Rain គាត់បានប្រាប់ថា លោក Rain ប្រាកដជានឹងមកកម្ពុជា ជាលើកទី២ ក្នុងពេលខាងមុខនេះមែន ព្រោះលោកសប្បាយចិត្តដែលមាន Fan ជាច្រើនទៅគាំទ្រ។ តាមរយៈក្រុមការងារលោក Rain សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនគាំទ្រទាំងអស់ និងសូមខន្តីអភ័យទោស រាល់កំហុសឆ្គងដោយអចេតនា ហើយគាត់បានសន្យាថា នឹងត្រឡប់មកវិញ ដើម្បីធ្វើការប្រគំតន្រ្ដីដ៍ធំមួយ ដែលនឹងមានការអញ្ជើញចូលរួមពីតារាចម្រៀងល្បីៗរបស់កម្ពុជា សម្រាប់សប្បុរសធម៌ ដើម្បីរកថវិកាជួយដល់កុមារកំព្រា និងមន្ទីពេទ្យគន្ធបុប្ផា ។ ប្រសិនបើគេមិនស្រលាញ់ គេមិនចូលចិត្តទស្សនិកជនខ្មែរនោះ គេនឹងមិនមកសម្ដែងនៅកម្ពុជាឡើយ។ នេះជាពាក្យដែលយើងគួរតែយល់ និងគួរតែពិចារណា"

ប៉ុន្ដែទន្ទឹមនឹងនោះ ក៏មានអ្នកខ្លះបានរិះគន់លោក Rain ថា មកកម្ពុជាលើកនេះ ទឹកមុខហាក់ស្រងូតស្រងាត់ មិនសប្បាយចិត្តទាល់តែសោះ ហើយគ្រាន់តែច្រៀងចប់ភ្លាម Rain រត់ចូលឡានបាត់ ដោយមិនបានថ្លែងអំណរគុណ ដល់អ្នកគាំទ្របន្ដិចសោះ សូម្បីតែពិធីករ ក៏មិនបានសម្ភាសន៍ ពីចំណាប់អារម្មណ៍តារាចម្រៀងកូរ៉េរូបនេះមកកម្ពុជាផង​ ។ ខ្លះទៀត បានលើកឡើងថាលោក Rain មានទឹកមុខក្រៀមបែបនេះ ដោយសារតែនៅថ្ងៃនោះចំថ្ងៃ ដែលភរិយារូបស្អាតនាង Kim Tae Hee ធ្វើខួបកំណើត ពោលគឺថ្ងៃទី ២៩ ខែមីនា កន្លងផុតទៅនេះ ហើយលោកមិនបានចូលរួម ខួបកំណើតប្រពន្ធ ទើបបានជាមិនសូវស្រស់ថ្លាបែបនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ ព្រោះតារាចម្រៀង លោក Jung Ji Hoon ហៅ Rain ក៏ធ្លាប់បានបញ្ជាក់ប្រាប់ពិភពលោកឲ្យដឹងរួចមកហើយថា នេះគឺជាទឹកមុខពីធម្មតារបស់លោកនោះទេ ហើយប្រសិនបើលោកមិនពេញចិត្តនឹងប្រជាជននៅកម្ពុជា ប្រហែលជាលោកនឹងមកកាន់ប្រទេសកម្ពុជា ជាលើកទី ២ នោះទេ ៕






ដោយ ៖ គន្ធា


Tags: Rain Kim Tae Hee Jung Ji Hoon