(តូក្យូ)៖ ភរិយារបស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ភ្លាមៗជាមួយសាលាបឋមសិក្សាមួយ ដែលអ្នកគ្រប់គ្រងសាលានេះកំពុងទទួលរងការរិះគន់យ៉ាងខ្លាំងក្លា ដោយសារការទិញយកដីរដ្ឋក្នុងតម្លៃដ៏ទាប នៅចំពោះមុខការពុះកញ្រ្ចោលឡើងយ៉ាងក្តៅគគុកនៃកំហឹងរបស់សាធារណជន ដែលបាននិងកំពុងអភិវឌ្ឍន៍ទៅជា បញ្ហានយោបាយដ៏គួរឲ្យឈឺក្បាលមួយសម្រាប់លោក អាបេ ផ្ទាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
សាលារៀន Moritomo Gakuen ដែលជាវិទ្យាស្ថានអប់រំមួយកន្លែងនៅទីក្រុងអូសាកា (Osaka) ភាគខាងលិចប្រទេសជប៉ុន នឹងបើកសម្ពោធសាលាបឋមសិក្សាមួយកន្លែងនៅក្នុងខែមេសាខាងមុខនេះ ដោយគ្រោងអញ្ជើញលោកស្រី អាគី អាបេ (Akie Abe) ធ្វើជានាយិកាកិត្តិយស។ ដោយឡែកលោក ស៊ីនហ្សូ អាបេ ដែលបានទទួលរងការរិះគន់ដោយសារបញ្ហានេះផងដែរនោះបានលើកឡើងថា ភរិយារបស់លោកធ្លាប់បានព្យាយាមបដិសេធចំពោះសំណើនៃតួនាទីជានាយិកាកិត្តិយសនេះ ប៉ុន្តែបានទទួលយល់ព្រមវិញបន្ទាប់ពីវាត្រូវបានប្រកាសនៅចំពោះមុខមាតាបិតាសិស្ស។
យ៉ាងណាមិញលោកនាយករដ្ឋមន្រ្តីជប៉ុនបានគូសបញ្ជាក់វិញថា ទោះជាបែបនេះក្តីលោកស្រី អាគី អាបេ បានសម្រេចចិត្តថាវានឹងជះផលប៉ះពាល់មិនល្អនោះឡើយ ដល់សិស្សានុសិស្សព្រមទាំងមាតាបិតាសិស្សផ្ទាល់ បើសិនជាលោកស្រីនៅតែបន្តពាក់ព័ន្ធក្នុងរឿងនេះទៀតដូច្នេះហើយលោកស្រី អាគី បានប្រាប់ពួកគេថា លោកស្រីនឹងលាលែងពីតំណែងនេះវិញ។ នៅលើគេហទំព័ររបស់សាលាបឋមសិក្សាខាងលើលោកស្រី អាគី បាននិយាយថា «ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះទឹកចិត្តរបស់លោក Yasunori Kagoike សម្រាប់វិស័យអប់រំ ហើយខ្ញុំក៏បានទទួលយកតំណែងជានាយិកាកិត្តិយសតាមសំណើផងដែរ» ប៉ុន្តែការអធិប្បាយនេះត្រូវបានដកចេញវិញនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតាមការទាមទាររបស់លោកស្រី។
គួរបញ្ជាក់ថាវិទ្យាសា្ថន Moritomo Gakuen ដែលមានអគ្គនាយកជាបុគ្គលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ស៊ីនហ្សូ អាបេ និងភរិយាក៏ដូចជាគណៈរដ្ឋមន្រ្តីជប៉ុនផងដែរនោះ កាលពី២០១៦កន្លងទៅបានទិញដីរបស់រដ្ឋាភិបាលទំហំ ៨,៧៧០ម៉ែត្រក្រឡា នៅក្នុងតម្លៃដ៏ទាបគឺត្រឹម ១៣៤លានយ៉ែន ដែលស្មើនឹង១.២លានដុល្លារអាមេរិកតែប៉ុណ្ណោះ ដើម្បីសាងសងសាលាបឋមសិក្សាថ្មីមួយ ខណៈលោកនាយករដ្ឋមន្រ្តីជប៉ុនបានបដិសេធថារូបលោករួមនិងភរិយាគ្មានការជាប់ពាក់ព័ន្ធនៅក្នុងការទទួលបានសិទ្ធិអនុញ្ញាតឬមួយការទិញដូររបស់ដីធ្លីជាកម្មសិទ្ធិរដ្ឋរបស់សាលាមួយនេះឡើយ៕
ប្រភព ៖ CNA
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង