CamNews

ព័ត៌មានអន្តរជាតិ 

ប្រទេសឥណ្ឌា «កំពុងបង្កឲ្យចិនផ្ទុះកំហឹង ដោយព្រមទទួល​ដំណើរ​ទស្សនកិច្ច​សម្តេច​សង្ឃ Dalai Lama!»

(ញូដេលី)៖ តំណាង​រដ្ឋាភិបាល​ឥណ្ឌា នឹងជួបជាមួយ​សម្តេចសង្ឃទីបេ ដាឡៃ ឡាម៉ា ដែលនឹងមក​បំពេញ​ដំណើរទស្សនកិច្ចនៅតំបន់ព្រំដែន​ជម្លោះ គ្រប់គ្រងដោយ​ប្រទេសឥណ្ឌា ប៉ុន្តែអះអាងអធិបតេយ្យដោយ​ប្រទេសចិន បើទោះបី​ជាទីក្រុងប៉េកាំង​ធ្លាប់បានព្រមានជាច្រើនលើកថា កុំឲ្យឥណ្ឌានាំភ្លើង​ចូលផ្ទះ​នោះ​ក៏ដោយ​។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច​ដោយ Channel News Asia ដកស្រង់ពី Reuters នាល្ងាច​​ថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។


មន្ត្រីឥណ្ឌា​បានបញ្ជាក់ថា សម្តេចសង្ឃ​និរទេសខាង​លើនេះ នឹងបំពេញ​ទស្សនកិច្ច​នៅតំបន់ Arunachal Pradesh ជាប់ព្រំដែន​ប្រទេសចិន​នៅខែក្រោយ (ខែមេសា) ខណៈដែល​រដ្ឋាភិបាលឥណ្ឌា​ធ្លាប់អះអាងថា «គ្មានអ្វីអាច​បញ្ឈប់សម្តេចសង្ឃ​ប្រកាន់លទ្ធិ​ប្រជាធិបតេយ្យ​អង្គនេះ នៅក្នុងការ​មកបំពេញទស្សនកិច្ច​តំបន់​នានានៅ​ទូទាំងប្រទេស​ឥណ្ឌានោះ​ឡើយ។»

គួរបញ្ជាក់ថា​ប្រទេសចិន​បានអះអាង​អធិបតេយ្យ​ទៅលើតំបន់​ភាគខាងកើត​ភ្នំហិម៉ាល័យ ដែល​គេហៅថា «ទីបេខាងត្បូង» ហើយកន្លងមក​ទីក្រុងប៉េកាំង​តែងតែ​ថ្កោលទោស និងរិះគន់​មេដឹកនាំបរទេស​ណាក៏ដោយ​ដែលមក​បំពេញទស្សនកិច្ច​តំបន់ខាងលើនេះ ក្នុងន័យ​គាំទ្រដល់ការគ្រប់គ្រង​របស់ប្រទេស​ឥណ្ឌានោះ។ អ្វី​ដែលជា​បញ្ហារសើបបន្ថែម​នោះ គឺវាជាដំណើរ​ទស្សនកិច្ចរបស់​ព្រះសង្ឃទីបេ ដែលប្រទេសចិន​​បានចាត់ចូល​ក្នុងបញ្ជីខ្មៅ ដែលបណ្តា​ប្រទេសសម្ព័ន្ធមិត្ត​រ​បស់ចិន​ មិនហ៊ានទទួល​ព្រះសង្ឃអង្គ​នេះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: India Russia Satellite Int news Hot news