CamNews

យល់ដឹង 

ស្វែង​យល់​ពីវិធី​ល្អៗ ដើម្បី​ការពារ​កែវ​ភ្នែក សម្រាប់​អ្នក​សិក្សា និង​អ្នក​ធ្វើ​ការ​ងារ​ ប្រើ​ភ្នែក

(អង់គ្លេស)៖ កែវភ្នែក គឺជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលអាចធ្វើឲ្យយើងមើលឃើញ ភពផែនដី ដ៏ស្រស់ស្អាតនេះ។ សំរាប់អ្នកដែលមិនមានបញ្ហាភ្នែក ក៏ត្រូវតែការពារវាឲ្យបានល្អ ចំណែកឯអ្នកដែលមានបញ្ហាភ្នែកវិញ អ្នកត្រូវតែស្វែងរកវិធី ដើម្បីដោះស្រាយនូវបញ្ហានោះ។

យោងតាមគេហទំព័រព័ត៌មាន វេជ្ជសាស្រ្ត Medicine news today បានឲ្យដឹងថា ភ្នែកខ្សោយ ភ្នែកឡើងបាយ និង​ជំងឺងងឹតភ្នែក គឺជាបញ្ហាភ្នែកចម្បងៗ ដែលតែងតែធ្វើការ​គំរាមកំហែង ទៅមនុស្សស្ទើរគ្រប់គ្នា ទូទាំងពិភពលោក។ ជាមួយគ្នានេះដែរ បញ្ហាភ្នែកក៏អាចនាំ​ឲ្យអ្នកឈានទៅរក ការកើតជំងឺមួយចំនួនទៀត ដូចជាជំងឺមហារីក និង​ជំងឺទឹកនោមផ្អែម។ ទន្ទឹមនឹងនេះ បញ្ហាភ្នែក មួយចំនួនទៀតដូចជា ភ្នែកឡើងពពែឆ្កែ ភ្នែកស្ងួត ឬ​ជំងឺភ្នែក្រហម អាចដោះស្រាយបានយ៉ាង ងាយស្រួលប្រសិនបើអ្នកប្រញាប់​ធ្វើការព្យាបាលវា ឲ្យបានទាន់ពេល។

ខាងក្រោមនេះ ជាវិធីការពារភ្នែក និង​ដោះស្រាយបញ្ហាពាក់ព័ន្ធនានា ដើម្បីកុំឲ្យហួសពេល៖

១- អ្នកគួរតែទៅពិនិត្យភ្នែក របស់អ្នកជារៀងរាល់មួយឆ្នាំម្តង ពីព្រោះការធ្វើបែបនេះ អាចធ្វើឲ្យអ្នកមាន ភាពងាយស្រួលក្នុងការដឹង អំពីស្ថានភាពភ្នែករបស់អ្នក។ មួយវិញទៀត ប្រសិនបើអ្នកមានបញ្ហាភ្នែក កើតឡើង អ្នកអាចព្យាបាលវា​បានទាន់ពេលវេលា និងឆាប់រហ័ស។

២- ចៀសវាងធ្វើឲ្យភ្នែក របស់អ្នកជួបនឹងគ្រោះថ្នាក់ផ្សេងៗ។ អ្នកត្រូវនៅកន្លែងដែលមានខ្យល់ចេញចូល ជាពិសេសនៅពេល​ដែលអ្នកធ្វើការ នៅកន្លែងដែលមានជាតិគីមី គ្រោះថ្នាក់ដូចជា សារជាតិក្លរីន ទឹកនោមអូត ឬ អាម៉ូញ៉ាក់ ថ្នាំលាបផ្ទះជាដើម។ អ្នកត្រូវតែប្រើប្រដាប់ការពារភ្នែក នៅពេលដែលអ្នក ធ្វើការជាមួយសារធាត​គីមីផ្សេងៗ ឬ​សំភារៈសំណង់ ដើម្បីការពារភ្នែក​របស់អ្នកពីការកំពប់ ឬហុយចូលភ្នែកដោយចៃដន្យ។

៣- ប្រសិនបើវេជ្ជបណ្ឌិត​ចេញវេជ្ជបញ្ជា សំរាប់ភ្នែករបស់អ្នក ចូរអ្នកអនុវត្តន៍តាម​ដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បំផុត។ ប្រសិនបើអ្នកមានការភ័ន្តច្រឡំ ក្នុងការប្រើប្រាស់ថ្នាំ អ្នកត្រូវទៅសាកសួរ អ្នកជំនាញខាងភ្នែក និងវេជ្ជបណ្ឌិតម្តងទៀត ចៀសវាងការប្រើប្រាស់ថ្នាំខុស។ ម្យ៉ាងវិញទៀត អ្នកមិនត្រូវប្រើប្រាស់ថ្នាំ​បណ្តក់ភ្នែកផ្តេសផ្តាស ដោយមិនមានវេជ្ជបញ្ជា ត្រឹមត្រូវនោះទេ។

៤- អ្នកគួរតែធ្វើលំហាត់ប្រាណភ្នែក និងធ្វើវាជាប្រចាំ ពីព្រោះវាអាចជួយឲ្យស្ថានភាព ភ្នែករបស់អ្នក មានភាពប្រសើរឡើង។

៥- អ្នកត្រូវតែលាងដៃ ឲ្យបានញឹកញាប់ក្នុងមួយថ្ងៃ ជាពិសេសបន្ទាប់​ពីចេញពីបន្ទប់ទឹក ទទួលទានអាហាររួច និងបន្ទាប់ពីប្រើប្រាស់សារធាតុគីមីផ្សេងៗ ដូចជាទឹកលាងថ្នាំក្រចក ថ្នាំលាបក្រចកជាដើម។ ប្រសិនបើអ្នកមានការ​យកចិត្តទុកដាក់ អ្នកនឹងដឹងថា អ្នកយកដៃទៅខ្ពប់មុខ និង​ប៉ះភ្នែករបស់អ្នកប៉ុន្មានដង ក្នុងមួយថ្ងៃ។ សម្រាប់អ្នកដែលពាក់វ៉ែនតា និងធ្វើការនៅកន្លែង​ដែលតម្រូ​វឲ្យអាន និងសសេរច្រើន តែងតែយកដៃទៅ ញីភ្នែកដោយមិនដឹងខ្លួន ដែលនេះជាបញ្ហាធ្វើឲ្យ ភ្នែករបស់អ្នក មានបញ្ហាជាញឹកញាប់។

៦- អ្នកត្រូវតែគេងឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យភ្នែករបស់អ្នកបាន​សម្រាកគ្រប់គ្រាន់ និងស្រស់ថ្លាដែរ។ ការធ្វើបែបនេះអាចធ្វើឲ្យអ្នកចៀសផុត ពីការមានបញ្ហាភ្នែកស្ងួត និងឈឺភ្នែក ដែលបច្ចុប្បន្ននេះ មនុស្សភាគច្រើនតែងមើលស្រាល និងទុកឲ្យ​ហួសពេលព្យាបាល៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Angkor Wat Local news Elephant Siem Reap