ព័ត៌មានអន្តរជាតិ ៖ ជនរងគ្រោះតិចបំផុត ១៥ នាក់ ក្នុងនោះមានក្មេងតូចៗ ៤ នាក់ បានស្លាប់ បាត់បង់ជីវិតបាត់ទៅហើយ ខណៈជនរងគ្រោះ ១៣ នាក់ ផ្សេងទៀត រងរបួសធ្ងន់ និង ស្រាល ក្រោយគ្រោះអគ្គីភ័យ ឆេះផ្សារមួយកន្លែង ក្នុងទីក្រុង Zamboanga ភាគខាងត្បូង ប្រទេសហ្វីលី ពីន ។
សារព័ត៌មាន AP ក្រោយពីដកស្រង់សម្តី ស្នងការជាន់ខ្ពស់ លោក Angelito Casimiro អោយដឹង ថា គ្រោះអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅលើកនេះ អាចកើតឡើងទៅបានបន្ទាប់ពីមានគ្រោះ ឧបទ្ទេវហេតុទុស្សេកាប៊ិនភ្លើង បង្កើតឡើងបានជាផ្កាភ្លើង សាច ទៅលើ បណ្តា ឆ័ត្រ ដែលមាន នៅតាមបណ្តោយផ្លូវដើរក្នុងផ្សារ ឈានឆាបឆេះ ទៅជាគ្រោះអគ្គីភ័យតែម្តង ។
ប្រភពសារព័ត៌មានដដែលក្រោយពីដកស្រង់សម្តីមន្រ្តីប៉ូលីសក្នុងស្រុកទទួលបន្ទុកស៊ើបអង្កេត លោក Rafael Salcedo ចុះផ្សាយអោយដឹងថា រាល់ជនរងគ្រោះទាំងអស់ទាំងជនរងគ្រោះស្លាប់ បាត់បង់ជីវិតនិងជនរងគ្រោះរបួសធ្ងន់ស្រាល សុទ្ធសឹងជាអាជីវករ លក់សម្លៀកបំពាក់ក្នុងផ្សារ គួរបញ្ជាក់ថា គ្រោះអគ្គីភ័យឆេះផ្សារ លើកនេះ បានកើតឡើងវេលាព្រឹកព្រលឹមថ្ងៃសៅរ៍ព្រឹកមិញ នេះដោយបានសម្លាប់អាជីវករដែលលង់លក់ក្នុងសុបិន្តនៅក្នុងតូបលក់ទំនិញរបស់ខ្លួន៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ