CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះដឹកប្រេងឥណ្ឌូណេស៊ី រអិលចេញពីផ្លូវពេលកំពុងចុះចត តែសំណាងល្អអត់ផ្ទុះ

(ហ្សាការតា)៖ យន្តហោះដឹងប្រេងរបស់ក្រុមហ៊ុន Trigana នៃប្រទេសឥណ្ឌូណេស៊ី បានរអិលធ្លាក់ចេញ ពីផ្លូវអំឡុងពេលចុះចត នៅព្រលានយន្តហោះ Wamena នៃកោះប៉ាពួរ ស្ថិតនៅភាគខាងកើតប្រទេស ប៉ុន្តែសំណាងល្អមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ ឬ ក៏មានការផ្ទុះឆេះយន្តហោះនោះឡើយ។ នេះ បើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦។

លោក Ahmad Bambang នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Trigana បានអះអាងថា «ពុំមានមនុស្ស ណាម្នាក់បាត់បង់ជីវិតនោះទេ ហើយប្រេងដែលស្តុកនៅក្នុងយន្តហោះនោះ ក៏មានសុវត្ថិភាពដែរ»។ យន្តហោះខាងលើនេះ បានចាកចេញពីព្រលានយន្តហោះ Sentani កាលពីវេលាម៉ោង ៦៖៥៥នាទីព្រឹក រួចក៏ធ្វើដំណើរទៅចុះចតនៅព្រលាន Wamena នៃកោះប៉ាពួរ ប៉ុន្តែវារអិលចេញពីផ្លូវ នៅចំណុចបង្គោល លេខ ៣៣ ដែលស្ថិតនៅចម្ងាយពីរគីឡូម៉ែត្រ ពីកន្លែងដែលយន្តហោះត្រូវឈប់។

គួរបញ្ជាក់ថា ក្រោយពីកើតហេតុភ្លាមៗ ពីឡុតទាំងពីរនាក់នៅលើយន្តហោះ បានព្យាយាមរំដោះខ្លួន ចេញពីយន្តហោះយ៉ាងទាន់ហន់ ព្រោះខ្លាចយន្តហោះផ្ទុះ ខណៈក្រុមពន្លត់អគ្គីភ័យ បានប្រញាប់ប្រញាល់ ទៅកាន់កន្លងកើតហេតុ។ យន្តហោះ Trigana ផ្ទុកប្រេង ១៤តោន ហើយវាត្រូវធ្វើការផ្ទេរប្រេងនេះ ទៅកាន់យន្តហោះផ្សេងទៀត៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Hot news Turkey ISIS EgyptAir