CamNews

ព័ត៌មានអន្តរជាតិ 

អនុប្រធានរដ្ឋសភា​បារាំង ចុះចេញពីតំណែង ក្រោយមានពាក្យបណ្ដឹងជាច្រើន ទាក់ទងរឿងរំលោភបំពានផ្លូវភេទ

(ប៉ារីស)៖ អនុប្រធាន​រដ្ឋសភា​បារាំង លោក Denis Baupin បានលាលែងពីតំណែង បន្ទាប់ពីមានពាក្យបណ្ដឹងជាច្រើន ​ពាក់ព័ន្ធនឹងបទ​បំពារបំពាន​ផ្លូវភេទ ពីសំណាក់ស្ត្រីជាច្រើននាក់ ក្នុងនោះក៏​មាន​​តំណាងរាស្ត្រ​ស្ត្រី​ផងមួយចំនួនផងដែរ នេះ​បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយនៅពេលថ្មីៗនេះ។





ក្នុងចំណោមអ្នកដាក់ពាក្យបណ្ដឹងនោះរួមមានលោកស្រី ​Sandrine Rousseau ​តំណាងរាស្ត្រ ​និង​ជា​អ្នក​នាំ​ពាក្យ គណបក្ស ​EELV​ បាន​ចោទ​ប្រកាន់​ថា​ នៅ​រវាង​ខែ​តុលា ​ឆ្នាំ​២០១១​ លោកស្រី​ត្រូវ​បាន​លោក ​Denis Baupin​ ចាប់​រុញ ផ្ទប់​នឹង​ជញ្ជាំង ​រួចយក​ដៃ​មក​ស្ទាប​ដើមទ្រូង ​ហើយ​បំរុង​នឹង​ចាប់​ថើប​លោក​ស្រី ​តែ​លោកស្រី​បាន​រុញច្រាន​ត្រលប់​ទៅ​វិញ ហើយមិនបានប្តឹងប្តល់ទេ ព្រោះខ្លាចកើត​ជា​បញ្ហា​ក្នុង​គណបក្ស​ និងមួយវិញទៀត លោកស្រី​គិត​ថា​វា​អាច​ជា​រឿង​សាមញ្ញ ដែល​ខ្លួន​ជាស្រី​ ត្រូវ​មនុស្ស​ប្រុស​មើល​ងាយ​បែបនេះ។

ចំណែកលោកស្រី​អ្នក​តំណាងរាស្ត្រ ​Isabelle Attard​ ដែល​ជា​អតី​សមាជិក​គណបក្ស ​EELV ដែរ​ បាន​អះអាងថា​ នៅ​រវាង​ឆ្នាំ​២០១២​និង​ ២០១៣ ​លោកស្រី​តែងតែ​ទទួល​បាន​នូវ​សារ​តាម​ទូរស័ព្ទ ​ដែល​លោក ​Denis Baupin ​ផ្ញើមក ​សឹងតែ​រៀងរាល់​ថ្ងៃ ​ដែល​សារ​ទាំង​នោះ ​មាន​ខ្លឹមសារ​អាសអាភាស ​ស្រើបស្រាល ​និង​ថោកទាប​ជា​ទី​បំផុត។ មិនខុសពី គ្នាប៉ុន្មានឡើយ លោកស្រី ​Elen Debost ​ជំនួយការ​ចៅហ្វាយ​ក្រុង ​Le Mans ​បាន​រាយការណ៍​ថា​ នៅ​រវាង​ឆ្នាំ​២០១១ ​លោក​ស្រី ​បាន​ទទួល​សារ​តាម​ទូរស័ព្ទ​ជា​ញឹកញាប់ ​អស់​រយៈពេល​៦ខែ ​ពី​លោក​Denis Baupin ​ដែល​រៀប​រាប់​អំពី ​ចំណង់​តណ្ហា ​និង​ភាព​ស្រើបស្រាល​របស់​ខ្លួន។



ដើមហេតុដែលនាំឲ្យស្ត្រីទាំងនេះ ដាក់ពាក្យបណ្ដឹងនោះ គឺមកពីពួកគាត់ទាំងអស់ បាន​ឃើញ​រូបថត​មួយ​សន្លឹក ​ដែល​លោក ​Denis Baupin ​បាន​ថត​ជាមួយ​តំណាងរាស្ត្រ​ផ្សេងទៀត ​ដោយ​យក​ក្រែម​ក្រហម​លាប​មាត់ ​ដើម្បីជា​សារនយោបាយ​ ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហឹង្សា ​ធ្វើ​ទៅ​លើ​ស្ត្រី។ សារនយោបាយ​ ដែល​ផ្ទុយ​ស្រលះ​ពី​ទង្វើ​និង អត្តចរិក​ជាក់ស្តែង​របស់​លោក ​Denis Baupin​ របៀប​នេះ ​បាន​ធ្វើ​ឲ្យ​ក្រុម​ស្រ្តី​រងគ្រោះ​អត់ទ្រាំ​លែង​បាន ​ទើប​សម្រេច ​ទំលាយ​រឿង​អាស្រូវ៕

 

ប្រភព ៖ ប៊ីប៊ីស៊ី 
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Int news Hot news France