CamNews

ព័ត៌មានអន្តរជាតិ 

ទុក្ខជាន់លើទុក្ខ! ទាំងនេះជាករណីធ្លាក់យន្ដហោះធំៗ នៅប្រទេសរុស្ស៊ី នៅរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ

(មូស្គូ)៖ សារព័ត៌មានរុស្ស៊ី Russian Today​ នៅថ្ងៃចន្ទ ទី២៦ ខែធ្នូនេះ បានរំលឹកឡើងវិញ​ក៏ដូចជា​បង្ហោះ​រូបភាព ជាច្រើនស្ដីពីគ្រោះថ្នាក់ ធ្លាក់​យន្ដហោះ ​ដែលបានកើតឡើង​នៅក្នុង​ប្រទេស​រុស្ស៊ី ឬក៏មានពលរដ្ឋ​រុស្ស៊ី​ជិះនៅលើយន្ដហោះទំាងនោះ​ នារយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ហើយដែល​ការបង្ហាញរូបភាព​ទាំងនេះ ធ្វើឡើងបន្ទាប់ពីយន្ដហោះយោធារុស្ស៊ីដឹក​មនុស្ស ៩២នាក់បានធ្លាក់នៅឯ សមុទ្រខ្មៅ​នៅថ្ងៃអាទិត្យ ម្សិលមិញ។ ខាងក្រោមនេះគឺជាគ្រោះថ្នាក់​ធ្លាក់យន្ដហោះ​នៅលើទឹកដីរុស្ស៊ី ឬមានវត្តមានពលរដ្ឋរុស្ស៊ី៖

ខែមីនា ឆ្នាំ២០១៦៖ យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Fly Dubai​ ដឹកភ្ញៀវ​ទេសចរមកពី ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម ឆ្ពោះទៅកាន់ទីក្រុង Rostov-on-Don បានធ្លាក់នៅ​អំឡុងពេល​កំពុងព្យាយាម​ចុះចត​ដោយ​សម្លាប់មនុស្ស ៦២នាក់ រីឯមូលហេតុ​ធ្លាក់ត្រូវបានគេ​បញ្ជាក់ថា​ដោយសារតែ​អាកាសធាតុ​អាក្រក់។

ខែតុលា ឆ្នាំ២០១៥៖ យន្ដហោះដឹកអ្នកដំណើរភាគច្រើនជាពលរដ្ឋរុស្ស៊ី នៃក្រុមហ៊ុនអាកាសចរណ៍​រុស្ស៊ី Metrojet មានគោលដៅហោះហើរ ពីប្រទេសអេហ្ស៊ីប ទៅកាន់ទីក្រុង ​St. Petersburg ត្រូវបានក្រុម​ភេរវករ​បំផ្ទុះឱ្យធ្លាក់នៅឯតំបន់ឧបទ្វីបស៊ីណៃ ដោយបានផ្ដាច់យកអាយុ ជីវិតមនុស្ស ២២៤នាក់។

ខែវិច្ឆិកា ឆ្នាំ២០១៣៖ មនុស្ស៥០នាក់បានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ​ដឹកអ្នកដំណើរ​នៅឯទីក្រុង Kazan ​ប្រទេសរុស្ស៊ី ហើយមូលហេតុធ្លាក់គឺបង្កឡើងដោយកំហុសរបស់ពីឡុត។

ខែមេសា ឆ្នាំ២០១២៖ យន្ដហោះដឹកអ្នកដំណើរធុន ​UTair​ បានធ្លាក់ នៅអំឡុងពេល ៤២វិនាទី បន្ទាប់ពីហោះចេញពី ទីក្រុង Tyumen ដែលបណ្ដាលឱ្យមនុស្ស ៣៣នាក់ ស្លាប់ និង១០អ្នករងរបួស ខណៈមនុស្សពីរនាក់ត្រូវផ្តន្ទាទោសឱ្យ ជាប់ពន្ធនាគារសម្រាប់ការ ធ្វេសប្រហែស។

ខែកញ្ញា ឆ្នាំ២០១១៖ យន្ដហោះដឹកក្រុមកីឡាករ Hokey ឈ្មោះ Yaroslavl Lokomotiv បានធ្លាក់​នៅក្បែរ​អាកាសយានដ្ឋាន Tunoshna Airport ក្នុងតំបន់ Yaroslavl ដោយផ្ដាច់យក​ជីវិត​មនុស្ស ៤៥នាក់ និងមានតែអ្នកបចេ្ចកទេស​ផ្នែកហោះហើរតែម្នាក់គត់​នៅរស់រានមានជីវិត ហើយមូលហេតុគឺបណ្ដាល​មកពី​កំហុសរបស់ពីឡុត។

ខែមិថុនា ឆ្នាំ២០១១៖ មនុស្ស ៤៧នាក់បានស្លាប់ និង០៥នាក់នៅរស់រានមានជីវិត​នៅក្នុងគ្រោះថ្នាក់​ធ្លាក់​យន្ដហោះរុស្ស៊ីធុន RusAir Tu-134 នៅឯទីក្រុង Petrozavodsk ដោយសារ​តែបញ្ហា​អាកាសធាតុ។​

ខែមេសា ឆ្នាំ២០១០៖ យន្ដហោះ Air Force ដឹកប្រតិភូររដ្ឋាភិបាលប៉ូឡូញ​ក្រោមការដឹកនាំដោយ​អតីត​ប្រធានាធិបតីប៉ូឡូញ លោក Lech Kaczynski ក្នុងដំណើរឆ្ពោះ​ទៅកាន់ប្រទេស​រុស្ស៊ី បានធ្លាក់នៅឯទីក្រុង Smolensk ដោយសម្លាប់មនុស្សជិះនៅលើយន្ដហោះនេះទាំង ៩៦នាក់​ហើយបើតាម​ការស៊ើបអង្កេត​​រួមគ្នារវាងរដ្ឋាភិបាលរុស្ស៊ី និងប៉ូឡូញកំហុសពីឡុត គឺជាមូលហេតុដែលធ្វើឱ្យយន្ដហោះធ្លាក់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Russia Int news Hot news Breaking news