(កូរ៉េ)៖ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Sports Seoul ទាក់ទងនឹងរឿងរ៉ាវស្នេហា រហូតដល់ឈានដល់ការរៀបអាពាហ៍ពិពាហ៍ ជាមួយបុរសសង្ហា Rain តារាស្រី Kim Tae Hee បានបញ្ជាក់ហេតុផលមួយចំនួន នៅពីក្រោយជីវិតរៀបការរបស់ខ្លួនថា នាងនិងស្វាមី ពីដំបូងមានផែនការសំខាន់ សម្រាប់ការកសាងគ្រួសារនេះ គឺមិនចង់ឲ្យពិធីរៀបការ មានលក្ខណៈអធឹកអធមពេកទេ តែក៏បានប្រកាសឲ្យដឹង កាលពីឆ្នាំមុនដែរ អ្វីដែលសំខាន់សម្រាប់នាង គឺបានបុរសដ៏ល្អម្នាក់មកធ្វើជាស្វាមី។
Rain បានឡើងច្រៀង នៅក្នុងពិធីជប់លៀងទទួលភ្ញៀវ នូវបទមួយដែលមានចំណងជើងថា «The Best Present» ដែលបង្ហាញពីក្តីស្រឡាញ់របស់គាត់ ចំពោះ Kim Tae Hee ហើយពេលនេះ អ្នកទាំងពីរមិនទាន់ទិញផ្ទះផ្ទាល់ខ្លួនទេ គឺរស់នៅផ្ទះឪពុក Rain សិន ហើយ Kim ក៏ប្រុងប្រយ័ត្នដែរ ព្រោះអាចនឹងមានអ្នកគាំទ្រចោទសួរ ចំពោះរឿងនេះ ប៉ុន្តែយ៉ាងណាក៏តារាស្រីរូបនេះ បញ្ជាក់ថា ឪពុកក្មេកជាមនុស្សមានទឹកចិត្តល្អ ហើយនាងក៏ធ្លាប់ចំអិនម្ហូបឲ្យក្រុមគ្រួសារ បានភ្លក្សស្នាដៃម្តងដែរ ទោះបី ជាពួកគេមិនចង់ឲ្យនាង ធ្វើអ្វីច្រើនក៏ដោយ។
គួរបញ្ជាក់ថា Rain និង Kim Tae Hee បានសម្រេចចិត្តរៀបការ យ៉ាងឆាប់រហ័ស កាលពីខែមករា កន្លងទៅថ្មីៗនេះ ដែលពីមុនពួកគេគ្រោង នឹងរៀបការនៅខែកុម្ភៈនេះទេ ហើយក៏បានទៅក្រេបទឹកឃ្មុំ នៅកោះបាលីផងដែរ។ រីឯដំណឹងល្អរឿងមានបុត្រយ៉ាង ណានោះ ពួកគេប្រកាសថា នឹងជម្រាបជូនអ្នកគាំទ្រនៅពេលក្រោយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង