(អេហ្ស៊ីប)៖ វាស្ថិតនៅមិនឆ្ងាយ ពីអតីតរាជវាំងរបស់អតីតស្តេច ជាច្រើនជំនាន់ ក្នុងតំបន់ Luxor ប្រទេសអេហ្ស៊ីបនោះទេ ដោយរ៉ែមាស ដែលត្រូវបានលាក់កំបាំង អស់រាប់ពាន់ឆ្នាំមកនេះ ទំនងជាស្ថិតនៅពីក្រោមស្រទាប់ដី គ្របដោយ វាលខ្សាច់នៃតំបន់អាហ្វ្រិក ខាងជើងនោះហើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន CNN នារសៀលថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។
កំណប់មាសខាងលើនេះ ត្រូវបានក្រុមអ្នកវិភាគ ទៅសម័យបុរាណជឿជាក់ថា ត្រូវបានលាក់ទុកតាំងពីសម័យ ចក្រភព រ៉ូមាំង និងអេហ្ស៊ីបុរាណទៅទៀត។ បច្ចុប្បន្ន រដ្ឋាភិបាលអេហ្ស៊ីប កំពុងតែកំណត់ទិសដៅថ្មី ក្នុងការរុករក គឺស្ថិតនៅ តំបន់វាលខ្សាច់ភាគខាងកើត ប្រទេសតែម្តង។ លោក Mark Campbell នាយកប្រតិបត្តិការ នៃក្រុមហ៊ុន Alexander Nubiia រុករករ៉ែអេហ្ស៊ីប បានឲ្យដឹងថា «យើងកំពុងសម្លឹងរកកន្លែង ដែលយើងធ្លាប់គិតថា មានរ៉ែមាសច្រើនកាលពីមុន។ យើងកំពុងតែស្វែងរកតំរុយ ដើម្បីជីករក ដោយប្រើប្រាស់បច្ចេកវិទ្យា ទំនើបចុងក្រោយ»។
គួរបញ្ជាក់ថា តាមការប៉ាន់ស្មាននោះ យ៉ាងហោចណាស់ ក៏មានកន្លែងបង្កប់រ៉ែមាសចំនួន ១២ទីតាំងដែរ នៅវាលខ្សាច់ ភាគខាងកើតប្រទេសតែឯង។ វាប្រាកដជារ៉ែមាស ដែលជួយឲ្យសេដ្ឋកិច្ចអេហ្ស៊ីប មានការរីកចំរើនយ៉ាងរហ័ស។ រដ្ឋាភិបាលអេហ្ស៊ីប បានរំពឹងថា វានឹងអាចឲ្យប្រាក់ចំណូល ក្នុងស្រុកសរុប GDP កើនឡើងរហូតដល់ ៥ភាគរយ បន្ថែមទៀត នារយៈពេល ១០ឆ្នាំខាងមុខ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី