ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មាន បរទេស ស្កាយ កាលពី វេលារសៀល ថ្ងៃម្សិលមិញនេះ បានចេញផ្សាយ អត្ថបទ អោយដឹងថា ត្រីបាឡែន យក្ស ក្បាលភ្លោះ ដ៏កម្រ មួយក្យាល ត្រូវបានគេ ប្រទះឃើញ ថាបានដេកងាប់ នៅឯបឹង ទឹកប្រៃជាប់មាត់សមុទ្រមួយកន្លែង ឈ្មោះ Ojo de Liebre មានទីតាំងផ្ទៃដី ដែលបានលយ ចូលទៅក្នុងទឹកសមុទ្រ ពោលគឹ ឧបទ្វីប baja california peninsula នៅក្នុង ប្រទេសម៉ិចសិក ។
ប្រភពដដែល បន្តថា ត្រីបាឡែន ក្បាលភ្លោះ ដេកងាប់មួយក្បាលនេះ មានប្រវែងដល់ទៅ ជិត ៤ ម៉ែត្រ ខណៈវាមានទម្ងន់ ដល់ទៅកន្លះតោន ជាងឯណោះ ។ បន្ថែមពីលើនេះ បើយោងតាមសម្តីលោក Ben - ito Bermudez ជា អ្នកជីវវិទូ ជីវចម្រុះ ក៏ដូចជា ជាអ្នកចាត់ការទូទៅ National Natural Protected Area Commission អោយដឹងថា ត្រីបាឡែន យក្សដ៏កម្រមួយក្បាលនេះ ត្រូវបានរកអោយឃើញថា វាមាន ភាពខុសប្លែក ពីបណ្តាត្រីបាឡែន ដទៃៗទៀត ពោលគឺ មានក្បាលដល់ទៅ ពីរឯណោះ ។
ទន្ទឹមនឹងនេះ គាត់ក៏បានគូសបញ្ជាក់បន្ថែម បន្តអោយដឹងថា ករណីរកឃើញបាឡែន ប្រភេទនេះ វាគឺ ជាការរកឃើញ ដែលមិនធ្លាប់មានពីមុនមក នៅក្នុងតំបន់ វាត្រូវបានគេជឿថា កើតមកមានលក្ខណៈ ខុសពីប្រក្រតី (ក្បាលពីរ) ដោយនៅក្នុងនោះ វាទំនងជាមិនអាច រស់បានយូរនោះទេ ។
គួរបញ្ជាក់ផងដែរថា ក្រុមអ្នកវិទ្យសាស្រ្ត ក៏កំពុងតែធ្វើការវិភាគ ទៅលើសាកសព បាឡែន មួយក្បាល នោះ នឹងធ្វើការស្រាវជ្រាវ ទៅនឹងករណីផ្សេងៗទៀត នៅលើ ឧបទ្វីបមួយនេះ ។ គួររំឭកផងដែរថា ជា រៀងរាល់ឆ្នាំ ត្រីបាឡែន រាប់រយក្បាល បានហែលភៀសខ្លួន ចូលមកតំបន់ ទឹកមានកំដៅ សមល្មមនៅ ទីនេះ ពោលគឺ ធ្វើការហែលភៀសខ្លួន ពីសមុទ្រ Bering Sea ដែលមានទីតាំងនៅចន្លោះ អាមេរិកខាង ជើង និង រុស្ស៊ី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ