(ហូជីមិញ)៖ អាជ្ញាធរនៃប្រទេសវៀតណាមនៅថ្ងៃសុក្រនេះ បានតាមដានរកឃើញអ្នកឆ្លងវីរុស Zika ចំនួន០៨នាក់បន្ថែមទៀតនៅក្នុងទីក្រុងហូជីមិញ ដែលប្រការនេះបានធ្វើឲ្យករណីឆ្លងសរុបនៅក្នុងទីក្រុងមួយនេះផ្ទាល់កើនដល់៤៦នាក់ ហើយសម្រាប់នៅក្នុងប្រទេសទាំងមូលបានកើនឡើងដល់៥៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
គិតមកត្រឹមយប់ថ្ងៃសុក្រនេះ សង្កាត់ចំនួន១៣ក្នុងចំណោមទាំងអស់២៤ នៃទីក្រុងហូជីមិញ មានវត្តមានអ្នកផ្ទុកវីរុស Zika ហើយក្រៅពី៤៦នាក់នៅក្នុងទីក្រុងហូជីមិញ គេបានរកឃើញអ្នកឆ្លងវីរុសនេះនៅតាមបណ្តាខេត្តមួយចំនួនទៀតរួមមាន៖ ៤នាក់នៅខេត្ត Dak Lak និង Binh Duong និង៤នាក់ផ្សេងទៀតនៅខេត្ត Khanh Hoa, Phu Yen, Long An, និង Ba Ria Vung Tau។
ដើម្បីទប់ទល់ដោះស្រាយបញ្ហាវីរុស ដែលឆ្លងតាមរយៈសត្វមូសខាំនេះទីក្រុងហូជីមិញ បានសម្រេចចិត្តបង្កើតគណកម្មាធិការពិសេសមួយដើម្បីបង្ការការពារ និងប្រយុទ្ធប្រឆាំងនឹងវីរុសដែល កំពុងរាតត្បាតយ៉ាងខ្លាំងក្លានៅប្រទេសនាតំបន់អាស៊ីអាគ្នេយ៍នេះ ហើយម៉្យាងវិញទៀតអាជ្ញាធរនៅតាមបណ្តាទីក្រុង និងខេត្តនានានៅទូទាំងប្រទេសវៀតណាម បានបន្តចំណាត់ការក្នុងការស្វែងរកករណីឆ្លង នៃវីរុស Zika ឲ្យខ្លាំងជាងមុនបន្ថែមទៀត និងបានបង្កើនការបាញ់ថ្នាំដើម្បីកម្ចាត់ជម្រកសត្វមូស នៅតាមតំបន់ជាច្រើនផងដែរ៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី