(អូស្ត្រាលី)៖ យ៉ាងហោចណាស់ មានអាស៊ីតស៊ុលហ្វូរិច ចំនួន ៣១.៥០០លីត្រ ត្រូវបានលេចធ្លាយ ពេញផ្លូវដែក បន្ទាប់ពីរថភ្លើង ដឹកទំនិញមួយគ្រឿង បានបើកបរធ្លាក់ផ្លូវនៅក្បែរតំបន់ Julia Creek ស្ថិតនៅភាគឦសាន នៃប្រទេសអូស្ត្រាលី ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNN នៅថ្ងៃទី២៩ ខែធ្នូ នេះ។
យោងតាមសំដី របស់អាជ្ញាធរបានឲ្យដឹងថា រថភ្លើងមួយគ្រឿង ផ្ទុកនូវទឹកអាស៊ីតសរុបចំនួន ៨១៩.០០០លីត្រ បានក្រឡាប់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅភាគឦសាននៃរដ្ឋ Queensland ចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីតំបន់ Julia Creek។ នៅជុំវិញប្រមាណជា ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ គឺមានប្រជាជនរស់នៅ ប៉ុន្តែក្រុមអ្នកជំនាញបានបញ្ជាក់ថា ការលេចធ្លាយអាស៊ីតនេះ មិនបានប៉ះពាល់ដល់ប្រជាជននោះទេ។
អាជ្ញាធរបានបញ្ជាក់ថា ប្រហែលជាត្រូវប្រើពេលវេលាប្រមាណពេញ ១សប្ដាហ៍ ដើម្បីសម្អាតទឹកអាស៊ីតទាំងនេះឲ្យអស់៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី