ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ពលរដ្ឋអ៊ីរ៉ាក់ ២០០ គ្រួសារ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែង រួចធ្វើដំណើរទៅកាន់ទីក្រុង Mosul ដែលនេះគឺជាការបង្ខំពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ខណៈ ISIS អាចនឹងប្រើប្រាស់ពលរដ្ឋទាំងនេះ ធ្វើជាខែលដើម្បីការពារអាយុជីវិតរបស់ខ្លួន នេះបើ យោងតាមសេចក្តីព្រមានពីអង្គការសហប្រជាជាតិ ។
គួរបញ្ជាក់ នៅពេលនេះស្ថានការណ៍ជាក់ស្តែងនៅក្នុងទីក្រុង Mosul ដែលជាទីក្រុងទី២ធំបំផុតនៅ ក្នុងប្រទេសអ៊ីរ៉ាក់នោះ កំពុងតែកើនកំដៅយ៉ាងក្តៅគគុក ចាប់តាំងពីមានការប្រយុទ្ធដណ្តើមទីក្រុង មួយនេះតាំងពីថ្ងៃច័ន្ទមកម្ល៉េះ ដែលជាសង្គ្រាមប្រយុទ្ធដណ្តើមទីក្រុង ពី ISIS ដោយកម្លាំងរដ្ឋាភិ បាលប្រទេសអ៊ីរ៉ាក់ និងកងកម្លាំងប្រទេសជាសម្ព័ន្ធមិត្ត ។
មន្រ្តីឃ្លាំមើលសិទ្ធមនុស្សពី អង្គការសហប្រជាជាតិឲ្យដឹងថា ISIS បានបង្ខំឲ្យពលរដ្ឋអ៊ីរ៉ាក់ ជាង ២០០ គ្រួសារ ដើរទៅកាន់ទីក្រុង Mosul ដោយចាកចេញពីផ្ទះសម្បែងរបស់ពួកគេដែលមានទីតាំង នៅក្បែរទីក្រុង ។ អង្គការសហប្រជាជាតិ ក៏បានគូសបញ្ជាក់បន្ថែមឲ្យដឹងតាមរយៈការស៊ើបអង្កេត របស់ខ្លួនថា ហោចណាស់មនុស្ស ៤០នាក់ ត្រូវបាន ISIS បាញ់សម្លាប់នៅក្នុងភូមិមួយកន្លែង ជិត ទីក្រុង Mosul ។ មានសេចក្តីរាយការណ៍ឲ្យដឹងថា អំឡុងថ្ងៃសុក្រម្សិលមិញនេះ ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS បានបើកការវាយប្រហារទៅលើទីក្រុង Kirkuk ដែលមានរយៈចម្ងាយប្រមាណ ១៧០គ.ម ភាគខាងកើតឆៀងខាងត្បូង ទីក្រុង Mosul ដោយបានសម្លាប់មនុស្ស ១៩នាក់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី