នៅពេលចូលឆ្នាំចិន ចាស់ៗ ឬក៏អ្នករៀបការរួច តែងតែឲ្យអាំងប៉ាវពណ៌ក្រហមទៅកាន់ក្មេងៗ ឬអ្នកដែលមិនទាន់រៀបការ។ ទំនៀមទម្លាប់នេះមានតាំងពីយូរលង់មកហើយ ព្រោះមានរឿងដំណាលថា៖
នៅថ្ងៃចូលឆ្នាំចិន មានបិសាចមួយឈ្មោះ Sui តែងតែចេញមកបន្លាចក្មេងៗ នៅពេលពួកគេគេងលក់។
ក្មេងណា ដែលត្រូវបិសាចនោះប៉ះ ប្រាកដជាខ្លាច រហូតដល់ក្តៅខ្លួនខ្លាំង បន្ទាប់មកឡប់សតិជាមិនខាន។ ដូច្នេះ ដើម្បីការពារក្មេងៗ ពីការយាយីរបស់បិសាច ឪពុកម្តាយតែងតែនៅយាមកូនៗរបស់ពួកគេ ពេញមួយយប់ មិនហ៊ានដេកឡើយ។
មានគ្រួសារមួយ ឪពុកម្តាយក្មេងៗ បានឲ្យកាក់ចំនួន ៨ ទៅកាន់កូនៗ សម្រាប់លេង ដើម្បីកុំឲ្យពួកគេគេងលក់ ដូច្នេះបិសាចមិនហ៊ានមកយាយីឡើយ។ កូននោះយកក្រដាសមក ខ្ចប់កាក់ទាំងនោះ ហើយលេង រហូតដល់គេងលក់។ បន្ទាប់ឪពុកម្តាយបានយកក្រដាសដែលខ្ចប់កាក់នោះ ដាក់ក្រោមខ្នើយកូន។
នៅពេលដែលបិសាច Sui ព្យាយាមប៉ះក្បាលរបស់ក្មេងនោះ កាក់ទាំង ៨ ក៏បញ្ចេញពន្លឺយ៉ាងខ្លាំង ហើយបិសាចក៏ភ័យរត់បាត់។ ចាប់តាំងពីពេលនោះមក ការឲ្យអាំងប៉ាវទៅកាន់កូនៗ គឺមានន័យថា ឲ្យកូនៗមានសុវត្ថិភាព និងសំណាងល្អ ៕
ប្រភព៖ china highlights