(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United នឹងត្រូវប៉ះក្រុមជើងឯក Leicester City ដើម្បីប្រជែងយកពាន FA Community Shield ដែលជាពាន មុនថ្ងៃបើកឆាករដូវកាលថ្មីនៃ Premier League របស់អង់គ្លេស ដែលធ្វើឡើងនៅទឹកដីកណ្តាលតែ១ប្រកួតប៉ុណ្ណោះ។
សារព័ត៌មាន Sky Sports បានផ្សាយថា ការប្រកួតយកពានសប្បុរសធម៌របស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA នេះដែរ គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅពហុកីឡដ្ឋានជាតិ Wembley ដែលជាការជួបគ្នារវាងក្រុមជើងឯកលីគកំពូល Premier League, Leicester City និងជើងឯកពានលំដាប់ទី២ FA Cup បិសាចក្រហម Manchester United នារាត្រីថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០១៦ ម៉ោង ២១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) មុនពេល ១សប្តាហ៍ចាប់ផ្តើម Premier League រដូវកាលឆ្នាំ ២០១៦-២០១៧ រាត្រីថ្ងៃសៅរ៍ ទី១៣ សីហា។
Manchester United បានក្លាយជាក្រុមជើងឯកពាន FA Cup ជាលើកទី១២ ស្មើជាមួយក្រុមកាំភ្លើងធំ Arsenal ក្រោយពេលយកឈ្នះ Crystal Palace ២-១ នៅវគ្គផ្តាច់ព្រ័ត្រ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិហូឡង់ Louis van Gaal ដែលត្រូវបានបណ្តេញចេញពីតំណែង ក្រោយបញ្ចប់រដូវកាល Premier League ឆ្នាំ២០១៥-២០១៦ ដែលបានជំនួសមកវិញដោយអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Jose Mourinho ដែលជា១ប្រកួតសំខាន់ក្នុងការដឹកនាំក្លឹបថ្មីនៅអង់គ្លេសនេះដដែល។
ក្លឹបដែលទើបឡើងមកលេងក្នុងក្របខណ្ឌកំពូលអង់គ្លេស Leicester City ក្នុងរដូវកាលមុននេះ បានឈ្នះជើងឯក Premier League ជាលើកទី១ ជាប្រវត្តិសាស្រ្តរបស់គេ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអ៊ីតាលី លោក Claudio Raneiri ដោយមាន ៨១ពិន្ទុ នាំមុខក្រុមលេខ២ Arsenal ដែលមានតែ៧១ពិន្ទុប៉ុណ្ណោះ ដោយមានកីឡាករជើងខ្លាំង Jamie Vardy និង Riyad៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី