CamNews

តារា 

សុខ​ សីឡាលីន ត្រូវ​ម្តាយ​ដក​រនាំង​ស្នេហ៍​ ជាមួយ​ប្រធាន​ក្រុម​ចចក​សមុទ្រ

ភ្នំពេញៈ តារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម ហង្សមាស និយមបកស្រាយបទ ចម្រៀងបរទេស កញ្ញា សុខ សីឡាលីន ហាក់មានយីអ៊ុន ខ្ពស់ជាមួយ ការងារសិល្បៈ។ ដោយឡែកសម្រាប់រឿង ស្នេហាវិញ ហាក់ដូចជា មានឧបសគ្គមិនចេះ ចប់មិនចេះហើយ តែអ្នកម្តាយជា ទីស្រឡាញ់មិនពេញចិត្ត និងមិនចង់ឲ្យនាង មានទំនាក់ទំនងស្នេហា ដែលជាអ្នករស់នៅក្នុង វង្វង់សិល្បៈដូចគ្នា ហើយតែងតែបំបែក ស្នេហ៍របស់ពួកគេ ទាំងពីរ អស់រយៈពេលជិត ១០ ឆ្នាំមកហើយ។

តារាចម្រៀងស្រី មានទឹកដមសំឡេង ពីរោះ រណ្តំចិត្ត ទាំងការបកស្រាយ បទចម្រៀងជាតិ និងភាសាបរទេស កញ្ញា សុខ សីឡាលីន ត្រូវបានទស្សនិកជន មួយចំនួន ធ្លាប់ដាក់រហ័ស្សនាមឲ្យ ថា "ជាតារាអភ័ព្វស្នេហ៍"។ មូលហេតុដែលគេផ្តល់ រហ័ស្សនាមឲ្យនាងបែបនេះ ព្រោះតែម្តាយរបស់នាង មិនពេញចិត្ត និងរារាំងខ័ណ្ឌ ចែកស្នេហានាង បដិសេធយ៉ាងដាច់អហង្ការ មិនឲ្យនាងទាក់ទងជាមួយ គូស្នេហ៍ ដែលគេស្គាល់ច្បាស់ថា ជាប្រធានក្រុមតន្ត្រីចចកសមុទ្រ លោក អ៊ុក មិនណារិទ្ធ ។

តែទោះជាមានរនាំងស្នេហ៍ ដោយមានម្តាយរបស់នាង ដាក់បន្លាមុតស្រួចបាំង យ៉ាងណាក៏ដោយ ក៏មិនបានធ្វើឲ្យគូស្នេហ៍ អ្នកសិល្បៈមួយនេះ បាក់កំលាំងចិត្ត បោះបង់ស្នេហ៍ចោល ទាំងពាក់កណ្ដាលទីឡើយ ។តែផ្ទុយទៅវិញ គេសង្កេតឃើញ ពួកគេទាំងពីរ នៅតែតស៊ូទាក់ទងគ្នាទាំងឈឺចាប់ ទោះជាត្រូវរស់នៅជាមួយ ស្នេហាឈឺចាប់ មិនអាចទាក់ទងគ្នា ដោយបើកចំហរ និងមិនអាចរំពឹងថា អាចដឹកដៃគ្នា ចូលរោងការ យ៉ាងណាក៏ដោយ ។

ជាការពិតណាស់ ដូចពាក្យចាស់ លោកពោលថា "ក្រោយភ្លៀងមេឃស្រឡះ" ឬ "តស៊ូគង់បានសម្រេច" តាមរយៈពាក្យ ចាស់ក្នុងឃ្លាខាងលើនេះ វាពិតជាត្រូវទៅនឹង សាច់រឿងស្នេហារបស់ កញ្ញា សុខ សីឡាលីន និងលោក អ៊ុក មិនណារិទ្ធ ខ្លាំងណាស់ ទោះជាមានការរនាំងចាក់គ្រឹះ ខំប្រឹងបំបែក ស្នេហារបស់ពួកគេ យ៉ាងណាក៏ដោយ ក៏មិនអាចយកឈ្នះ ទំហំនៃចិត្តស្រឡាញ់ ដែលពួកគេមានចំពោះគ្នា ទៅវិញទៅមក អស់រយៈពេលជិត១០ឆ្នាំ នេះដែរ ។

ផ្ទុយទៅវិញស្នេហាដ៏បរិសុទ្ធ ក្តីស្រឡាញ់ពិតរបស់ពួកគេ បានពុះបំបែកវណ្ណៈស្នេហ៍ ធ្វើឲ្យម្តាយបណ្តូលចិត្តនាង សម្រេចចិត្តបើកភ្លើងខៀវ បើកចិត្តផ្តល់ឱកាស ឲ្យប្រធានក្រុម តន្ត្រីចចកសមុទ្រ លោក អ៊ុក មិនណារិទ្ធ មានទំនាក់ទំនង ស្នេហាជាមួយកូនស្រី ដោយបើកចំហរ និងលែងជំទាស់ចិត្តស្រឡាញ់របស់កូនស្រី និងប្រុសកំពូលស្នេហ៍នោះទៀតហើយ។

បើទោះជាមានការបើកភ្លើងខៀវ ពីម្តាយរបស់តារាចម្រៀងស្រីរូបស្រស់ សម្បុរស្រអែមរូបនេះក៏ដោយ ក៏គេនៅមិនទាន់ដឹងច្បាស់ថា ស្នេហារបស់អ្នកទាំងពីរ នឹងអាចដឹកដៃគ្នា ចូលរោងជ័យ នៅពេលណានោះទេ ខណៈ LookingTODAY បានទាក់ទងទៅ កញ្ញា សុខ សីឡាលីន ដើម្បីកុំការបំភ្លឺ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣នេះ ប៉ុន្តែនាងមិនបានផ្តល់ បទសម្ភាសន៍ ណាមួយពាក់ព័ន្ធ និងរឿងនេះឡើយ គ្រាន់តែនាងលើកទូរស័ព្ទ និយាយមិនទាន់បានប៉ុន្មានវិនាទីផង នាងក៏ប្រាប់យ៉ាងខ្លីថា “ពេលនេះខ្ញុំសុំលើកទូរស័ព្ទគេសិន ចាំពេលក្រោយចុះ ” រួចក៏ផ្តាច់ទូរស័ព្ទតែម្តងទៅ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iPad 3 និង iPad 4 ត្រូវបាន Apple បញ្ឈប់ផលិតលក់, iPad 2 នៅបន្តបេសកកម្ម
- OS X 10.9 ដោនឡូត Free ចាប់ពីថ្ងៃនេះតទៅ Support កុំព្យូទ័រ Laptop ច្រើនស៊េរី

- Apple អាប់ឌេតស៊េរី Macbook Pro Retina ជាមួយនឹង Chip Haswell, ថ្មល្អជាងមុន

- iPad mini អេក្រង់ Retina CPU A7 តំលៃចាប់ពី ៣៩៩ ដុល្លារ បង្ហាញខ្លួន ជាផ្លូវការហើយ

- iPad ជំនាន់ថ្មី ជាមួយនឹងឈ្មោះហៅថា iPad Air បង្ហាញខ្លួនជាផ្លូវការ, ស្រាល និងខ្លាំងជាងមុន

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sok seylalin singer entertainment khmer star