CamNews

ព័ត៌មានអន្តរជាតិ 

លេងវិធីដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅតែមិនស្ដាប់ អាមេរិកប្រើយុទ្ធសាស្រ្ដគួរឱ្យភ្ញាក់ផ្អើលដាក់មេដឹកនាំកូរ៉េ

អន្តរជាតិ ៖ សហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធារួមគ្នាមួយ ជាមួយកូរ៉េខាងត្បូង ដោយធ្វើការហោះហើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រពីរគ្រឿង នៅលើឧបទ្វីបកូរ៉េខាងជើង។

យន្តហោះទម្លាក់គ្រាប់បែកចំបាំងធុន B-1B ត្រូវបានចូលរួម ដោយយន្តហោះចម្បាំង F-15K របស់កូរ៉េខាងត្បូងចំនួនពីរគ្រឿង ហើយបានធ្វើសមយុទ្ធមីស៊ីលបាញ់លើដីពីដែនទឹកកូរ៉េខាងត្បូង។ ការធ្វើសមយុទ្ធយោធានោះ កើតមានឡើងចំពេលអាមេរិក មានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយកូរ៉េខាងជើងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។


ក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី ៦ របស់ខ្លួន ហើយបានបាញ់មីស៊ីលពីរលើក ឆ្លងកាត់ប្រទេសជប៉ុន នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ យន្ដហោះទម្លាក់គ្រាប់បែក បានហោះចេញពីទឹកដីប៉ាស៊ីហ្វិករបស់អាមេរិកនៃកោះហ្គាម កាលពីយប់ថ្ងៃអង្គារ មុនពេលចូលដែនអាកាសកូរ៉េខាងត្បូង និងធ្វើសមយុទ្ធបាញ់អាវុធរំលងសមុទ្រខាងកើត និងសមុទ្រលឿង។

ការធ្វើសមយុទ្ធនេះ គឺជាផ្នែកមួយនៃកម្មវិធី "ទប់ស្កាត់ដ៏យូរអង្វែង" ប្រឆាំងនឹងកូរ៉េខាងជើង។ អាមេរិកបាននិយាយថា កងកម្លាំងអាកាសរបស់ប្រទេសជប៉ុន ក៏បានចូលរួមក្នុងសមយុទ្ធនេះផងដែរ។

សេតវិមាន បាននិយាយថា លោកប្រធានាធិបតីអាមេរិក Donald Trump បានជួបមន្រ្តីជាន់ខ្ពស់មកពីក្រុមសន្តិសុខជាតិរបស់លោក កាលពីយប់ថ្ងៃអង្គារដើម្បីផ្តល់ព័ត៌មានខ្លីស្តីពីវិធីដើម្បីឆ្លើយតបចំពោះការគំរាមកំហែងពីកូរ៉េខាងជើង។

លោក Trump និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានឌឺដងវោហាសាស្ត្រដ៏ក្តៅគគុក ដាក់គ្នា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ នៅក្នុងសុន្ទរកថាមួយ នៅឯអង្គការសហប្រជាជាតិ កាលពីខែកញ្ញា លោក Trump បានចោទប្រកាន់លោក គីម ថា បានអនុវត្ដ "បេសកកម្មធ្វើអត្តឃាតខ្លួនឯង"  ខណៈពេលដែលលោក គីម បានឆ្លើយតប ដោយប្ដេជ្ញាថា នឹងបង្រ្កាប "មនុស្សចាស់អាប់ប្រាជ្ញារបស់អាមេរិក ដោយការបាញ់មីស៊ីលផ្លោង"។

កាលពីថ្ងៃពុធ តំណាងរាស្ដ្រម្នាក់របស់កូរ៉េខាងត្បូង បាននិយាយថា ពួក Hacker កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថា បានលួចឯកសារសម្ងាត់យោធាដ៏ធំមួយ ពីប្រទេសរបស់ខ្លួន រួមទាំងផែនការឃាតកម្មលើមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងផែនការធ្វើសង្គ្រាមដ៏មហន្តរាយ ដែលត្រូវបានរៀបចំឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការចោទប្រកាន់នេះ ខណៈកូរ៉េខាងជើង បានបដិសេធចំពោះការអះអាងខាងលើ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC


Tags: International news