(សាន់ហ្វ្រាំងស៊ីស្កូ)៖ បុគ្គលិកជាន់ខ្ពស់របស់បណ្ដាញទំនាក់ទំនងសង្គម Twitter ចំនួន ៥រូប នឹងលាឈប់ពីតំណែងព្រមគ្នា ខណៈដែលលោក Jack Dorsey សហស្ថាបនិក Twitter ត្រឡប់មកកាន់តំណែងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនវិញនេះបើយោងតាមការ ចេញផ្សាយរបស់ Reuters នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។
ប្រភពជិតស្និទ្ធនឹងក្រុមហ៊ុន Twitter បានលួចបង្ហើបឲ្យដឹងថា លោក Katie Jacobs Stanton ប្រធានផ្នែកផ្សព្វផ្សាយ, លោក Kevin Weil ប្រធានផ្នែកផលិតផល ,លោក Alex Roetter ប្រធានផ្នេកវិស្វករ នឹងចាកចេញពីក្រុមហ៊ុននៅក្នុងឆាប់ៗខាងមុខនេះ។ ប្រភពដដែលបាន អះអាងថា លោក Jason Toff ប្រធានផ្នែកសេវាកម្មវីដេអូ និងលោក Jana Messerschmidt ប្រធានផ្នែកការអភិវឌ្ឍអាជីវកម្ម ក៏នឹងចាកចេញដូចគ្នា។
គេមិនបានដឹងពីមូលហេតុនៃការចាកចេញរបស់បុគ្គលិកកំពូលៗទាំងនេះនោះទេ ប៉ុន្តែគេសង្កេតឃើញថា ចាប់តាំងពីលោក Jack Dorsey ត្រឡប់មកកាន់តំណែងជានាយកប្រតិបត្តិបណ្ដោះអាសន្ន រហូតដល់ឡើងកាន់តំណែងជានាយកប្រតិបត្តិពេញសិទ្ធិគឺមាន បុគ្គលិកជាច្រើនហាក់ដូចជាមិនសូវសប្បាយចិត្ត ឬចូលចិត្តសហស្ថាបនិករូបនេះនោះទេ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី