(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Luis Suarez អាចនឹងអវត្តមានពីក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ក្នុងវគ្គជម្រុះសន្សំពិន្ទុនៃពានរង្វាន់ប្រចាំទ្វីបអាមេរិក Copa America 2016 នៅអាមេរិក ដោយសារតែបញ្ហារបួសសរសៃពួរជើង ដែលរបួសកាលពីថ្ងៃអាទិត្យ ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Copa del Rey ទល់នឹងក្រុមអេស្ប៉ាញដូចគ្នា Sevilla ។
តាមរយៈសារព័ត៌មាន Goal បានផ្សាយឲ្យដឹងថា កីឡាករវ័យ២៩ឆ្នាំ Luis Suarez បានទទួលរងរបួសសរសៃពួរជើងជាទម្ងន់ និងប្តូរចេញវិញនៅនាទីទី៥៧ ដោយជំនួសដោយកីឡាករ Rafinha ដែលត្រូវការរយៈពេលព្យាបាលយ៉ាងតិច ក៏៣សប្តាហ៍ដែរ នេះបើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ Alberto Pan ដែលអាចធ្វើឲ្យរូបគេអវត្តមានអ៊ុយរូហ្គាយ ប្រកួតជម្រុះសន្សំពិន្ទុក្នុងពូល C នៃពាន Copa America ទល់នឹងជម្រើសជាតិម៉ិចស៊ិក វេណាហ្សូអេឡា និង ចាម៉ៃកា ។
តែយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធដែលបានជួយឲ្យក្លឹប FC Barcelona ឈ្នះពាន២ក្នុងរដូវកាលឆ្នាំ២០១៥-២០១៦ អាចនឹងចូលលេងក្នុងក្រុមជម្រើសជាតិមកពីតំបន់អាមេរិកឡាទីនខាងលើនេះក្នុងវគ្គ៨ក្រុមចុងក្រោយ ដែលយុទ្ធនាការមានរយៈពេល៤ឆ្នាំម្តងនេះ នឹងចាប់ផ្តើមជាផ្លូវនៅថ្ងៃទី៣ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខ ដោយមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង