(ញូវយ៉ក)៖ រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក នៅថ្ងៃសុក្របានវិលត្រឡប់ទៅដាក់ការិយាល័យ របស់ខ្លួននៅអគារពាណិជ្ជកម្មពិភពលោកវិញ ដោយស្ថិតនៅសង្កាត់ Lower Manhattan នៃទីក្រុងញូយ៉ក ដែលការវិលត្រឡប់នេះ បានធ្វើឡើងក្នុងរយៈពេល១៥ឆ្នាំ បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១កន្លងទៅនេះ ដែលបណ្តាលឲ្យអគារភ្លោះ ពាណិជ្ជកម្មពិភពលោក បានដួលរលំខ្ទេចខ្ទី។
រដ្ឋមន្ត្រីសន្តិសុខអាមេរិក លោក Jeh Johnson បានថ្លែងក្នុងព្រឹត្តិការណ៍នេះ ដែលរៀបចំឡើង នៅក្នុងអគារជាន់ទី ៦៣ថា«ថ្ងៃនេះជាថ្ងៃចម្រើនទៅមុខ ជានិមិត្តសញ្ញានៃកិច្ចខិតខំប្រឹងប្រែង របស់យើងក្នុងការឆ្ពោះទៅមុខ»។ ចំណែកលោក Bill de Blasio អភិបាលក្រុង ញូយ៉ក បានថ្លែងថា ការវិលត្រឡប់ទៅដាក់ស្នាក់ការ នៅអគារពាណិជ្ជកម្មពិភពលោក របស់រដ្ឋាភិបាល សហព័ន្ធ ជាសារដ៏សំខាន់ប្រាប់ទៅកាន់ពិភពលោកទាំងមូលថា «សហរដ្ឋអាមេរិក មិនលះបង់តម្លៃរបស់ខ្លួនឡើយ ហើយក៏មិនដែលខ្លាចញញើត ចំពោះភេរវកម្មដែរ»។
អគារនេះ ត្រូវបានគេចាត់ទុកថា ជាអគារសេរីភាព ដែលមានចំនួន ១០៤ជាន់។ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកមួយនេះ ជាអគារខ្ពស់ស្កឹមស្កៃជាងគេ នៅក្នុងរដ្ឋ Hemisphere ខាងលិច ដែលមានកម្ពស់៥៤១ម៉ែត្រ។
សំណង់អគារនេះ ត្រូវបានចាប់ផ្តើមកសាងឡើង ក្នុងឆ្នាំ២០០៦ និងបើកសម្ភោធដាក់ឲ្យ ប្រើប្រាស់ ជាផ្លូវការនៅក្នុងឆ្នាំ២០១៤កន្លងទៅនេះ។ បច្ចុប្បន្ន៦៧ភាគរយ នៃអគារដែលមាន ផ្ទៃក្រឡាជិត ១.៥លានម៉ែត្រាការេ ត្រូវបានគេជួលអស់ហើយ។
គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១កន្លងទៅនេះ យន្តហោះ សហរដ្ឋអាមេរិក៤គ្រឿង ត្រូវបានក្រុមភេរវករប្លន់ ព្រមទាំងបើកបុកអគារភ្លោះពាណិជ្ជកម្ម ពិភពលោកនៅបុរីញូវយ៉ក និង អគារមន្ទីរប៉ង់តាហ្គោន ក្បែររដ្ឋធានីវ៉ាស៊ីនតោនDC និងទីវាលមួយកន្លែងក្នុងរដ្ឋ Pennsylvania ដែលបណ្តាលឲ្យមនុស្សជិត ៣,០០០នាក់ ស្លាប់បាត់បង់ជីវិត៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង