CamNews

ព័ត៌មានអន្តរជាតិ 

ប្រធាន IMF ថា៖ សេដ្ឋកិច្ចសកល រងការគំរាមកំហែងពីភាពតានតឹងវិស័យពាណិជ្ជកម្ម

ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ បានក្រើនរំលឹកថា ការកើនឡើងភាពតានតឹងវិស័យពាណិជ្ជកម្មកំពុងបង្កការគំរាមកំហែង ដល់សេដ្ឋកិច្ចពិភពលោក។ ប្រធាន IMF អ្នកស្រី Christine Lagarde បានថ្លែងបែបន័យធៀប ក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងបែរឡាំង កាលពីថ្ងៃចន្ទថា៖ «ពពកនៅលើលំហអាកាស ... កំពុងតែងងឹតបន្ដិចម្ដងៗ ពីមួយថ្ងៃទៅមួយថ្ងៃ»។

អ្នកស្រី ​បាន​និយាយ​ថា៖ "ពពកដ៏ធំបំផុត និងងងឹតបំផុត ដែលយើងមើលឃើញគឺការធ្លាក់ចុះទំនុកចិត្ត ដែលបង្កឡើងដោយការប៉ុនប៉ងប្រកួតប្រជែងពីរបៀបធ្វើពាណិជ្ជកម្ម របៀបដោះស្រាយទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងរបៀប ដែលអង្គភាពពហុភាគី ធ្វើប្រតិបត្ដិការពាណិជ្ជកម្ម" ។

ការអត្ថាធិប្បាយរបស់លោកស្រី បានធ្វើឡើងបន្ទាប់ពីបញ្ចប់ជំនួបកំពូល G7 ដ៏រដិបរដុប នៅទីក្រុងកេបិច នៅចុងសប្តាហ៍នេះ ដែលក្នុងនោះលោកប្រធានាធិបតី Donald Trump បានវាយប្រហារនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau លើបញ្ហាពាណិជ្ជកម្ម។

ភាពតានតឹង បានកើនឡើងរួចទៅហើយរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសំខាន់ៗ មុនកិច្ចប្រជុំកំពូល G7 បន្ទាប់ពីរដ្ឋបាលរបស់លោក Trump បានតម្លើងអត្រាពន្ធគយបន្ថែមលើដែក និងអាលុយមីញ៉ូមរបស់ប្រទេសកាណាដា ម៉ិកស៊ិក និងសហភាពអឺរ៉ុប ដោយអះអាងថា ដើម្បីបង្កើនសន្ដិសុខជាតិ។
ដៃគូពាណិជ្ជកម្មទាំងបី បានប្រកាសវិធានការសងសឹកតបចំពោះអាមេរិកវិញ។

សហរដ្ឋអាមេរិក ក៏កំពុងជាប់គាំងក្នុងជម្លោះពាណិជ្ជកម្មដ៏តានតឹង ជាមួយប្រទេសចិនផងដែរ ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ លើពិភពលោក។

រដ្ឋបាលលោក Trump ត្រូវបានគេរំពឹងថា នឹងប្រកាសនូវបញ្ជីទំនិញចិន ដែលមានតម្លៃប្រហែល ៥០ ពាន់លានដុល្លារអាមេរិក នៅចុងសប្តាហ៍នេះ ដែលរដ្ឋបាលនេះ នឹងដាក់ពន្ធថ្មីមួយទៀត ដើម្បីជាការឆ្លើយតបទៅនឹងអំពើលួចកម្មសិទ្ធិបញ្ញារបស់អាមេរិក។ ប្រភពមួយ បាននិយាយថា ច្បាប់ស្ដីពីពន្ធគយ នឹងចូលជាធរមាន ក្នុងពេលឆាប់ៗនេះ។


ចលនានេះ បានធ្វើឱ្យមានមន្ទិលសង្ស័យពីលទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្ម ជាមួយប្រទេសចិន ដែលកាលពីមុន ចិនបានគំរាមថានឹងសងសឹកដោយយកពន្ធ លើទំនិញអាមេរិកក្នុងបរិមាណស្រដៀងគ្នានេះ ដោយរួមបញ្ចូលទាំងពន្ធលើយានយន្ត យន្តហោះ និងសណ្ដែកសៀង។

ថ្លែងជាមួយលោកស្រី Lagarde នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ លោក Roberto Azevédo អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បាននិយាយថា ភាពតានតឹង ដែលកំពុងកើនឡើងក្នុងវិស័យពាណិជ្ជកម្មពិភពលោក«នឹងបង្កផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចដ៏រឹងមាំបំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកល»៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ money.cnn


Tags: International news