CamNews

ព័ត៌មានអន្តរជាតិ 

ពុលខ្លាំងមែនទែនហើយនៅ Beijing , រដ្ឋ ប្រកាសអាសន្នឲ្យបិទ រោងចក្រ​ ១,២០០ បណ្តើរៗហើយ

 (ប៉េកាំង)៖ ការបំពុលក្នុងទីក្រុងប៉េកាំងប្រទេសចិន មិនមែនស្ថិតនៅក្នុងការព្រួយបារម្ភទៀតនោះទេ​សម្រាប់​ពេលបច្ចុប្បន្ននេះ ដោយវា​បានឈានទៅដល់ការកម្រិតនៃការប្រកាសអាសន្ន ខណៈរដ្ឋាភិបាលបានបញ្ជាឲ្យ​រោងចក្រតូចធំចំនួន ១,២០០រោងចក្របិទទ្វារ ឬ​​ក៏ត្រូវកាត់បន្ថយសង្វាក់ផលិតកម្មក្នុងទ្រង់ទ្រាយធំ​ដើម្បី​បញ្ចៀសការបំពុលបរិស្ថានបន្ថែមទៀត​ ជាពិសេសនោះគឺខ្យល់តែម្តង។​នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៦។​


សម្រាប់ក្រុមហ៊ុនធំៗមួយចំនួនរបស់រដ្ឋដូចជា ក្រុមហ៊ុនចម្រាញ់ប្រេង Sinpec និងក្រុមហ៊ុនចំណីអាហារ Cofco គឺត្រូវបានតម្រូវឲ្យបិទ​រោងចក្រឬក៏ត្រូវកាត់បន្ថយសកម្មភាពផលិតកម្មរបស់ខ្លួនជាលក្ខណៈទ្រង់​ទ្រាយធំ ដោយសារតែអាជ្ញាធរបរិស្ថានបានរកឃើញថា ក្រុមហ៊ុនទាំងពីរនេះបានបញ្ចេញកាកសំណល់ និងផ្សែងពុលទៅក្នុងបរិយាកាសខ្លាំងជាងគេបង្អស់។


គួរបញ្ជាក់ថាអាជ្ញាធរបរិស្ថានរបស់ទីក្រុងប៉េកាំង បានចេញសញ្ញាប្រកាសអាសន្នកម្រិតខ្ពស់បំផុត គឺពណ៌​​ក្រហមក្នុងទីក្រុងប៉េកាំង ចាប់តាំងពីយប់ថ្ងៃសុក្រមក ដល់ព្រឹកថ្ងៃសៅរ៍នេះ ហើយវានឹងអូសបន្លាយរហូតដល់​ថ្ងៃពុធសប្តាហ៍ក្រោយ។​ ផ្សែងពុលដ៏ក្រាស់​ក្រែលត្រូវបានគេរំពឹងថានឹងនៅកកកុញ នៅក្នុងបរិយាកាស​សម្រាប់តំបន់ភាគខាងជើងប្រទេសចិន​ ដែលវានឹងបង្កការរាំងស្ទះ​ដល់ចរាចរណ៍ជាពិសេសគឺការដកដង្ហើម​របស់ប្រជាជនរាប់លាននាក់នៅទីនោះ។​

ជារៀងរាល់រដូវរងារ កត្តាបំពុលបរិស្ថានជាពិសេសនោះគឺខ្យល់ បានក្លាយជាបញ្ហាធំសម្រាប់ប្រទេសចិន ដែលមានឧស្សាហកម្មរីក​​លូតលាស់ខ្លាំងហើយកត្តានេះរដ្ឋាភិបាលបានណែនាំឲ្យប្រជាជនព្យាយាមស្នាក់នៅ​ក្នុងផ្ទះពេលមានស្ថានភាពពុលខ្លាំងត្រូវបានប្រកាស​ និងត្រូវពាក់ម៉ាស់ការពារជានិច្ចនៅពេលចេញមកក្រៅ។ ដោយឡែកសាលារៀនមួយចំនួន​ ក៏ត្រូវបង្ខំចិត្តបិទទ្វារបណ្តោះអាសន្នផងដែរ​ ​ដើម្បីសុវត្ថិភាពក្មេងៗ៕​



ប្រភព ៖ CNA


Tags: china Chemical Int news Hot news Beijing Pollution