ព័ត៌មានអន្តរជាតិ ៖ ព័ត៌មានទាន់ហេតុការណ៍ ស្តីពី ករណី ផ្ទុះរោងចក្រផលិតប្រេង នៅរដ្ឋ Veracruz ភាគខាងកើតឆៀងខាងត្បូង ប្រទេស ម៉ិចសិក នោះ បានសម្លាប់មនុស្សហោចណាស់ ៣ នាក់ខណៈ៥៨នាក់ផ្សេងទៀតរបួសធ្ងន់ និងស្រាល ។
សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ករណីផ្ទុះរោងចក្រផលិតប្រេងលើកនេះ គឺបានកើតឡើងចំរោង ចក្រផលិតប្រេងរដ្ឋម៉ិចសិកកូ ដែលមានឈ្មោះថា Pemex មានទីតាំងស្ថិតនៅទីក្រុងកំពង់ផែ Coatzacoalcos ។ មនុស្សរាប់រយនាក់ ត្រូវបានជម្លៀសខ្លួន ខណៈ សាលារៀន ជិតៗនោះ ត្រូវបានបិទទ្វារជាបន្ទាន់ ។ ប្រជុំរូបភាព ក៏ដូចជា ឃ្លីបវីដេអូ បង្ហាញច្បាស់ជាស្តែង ពីរូបភាពភ្លើងឆាប ឆេះយ៉ាងសន្ធោសន្ធៅ ពោរពេញទៅដោយផ្សែងខ្មួរខ្មាញ់ ។ រយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ បើ តាមរបាយការណ៍ឲ្យដឹងថា មានករណីផ្ទុះជាច្រើនលើកច្រើនសា នៅបរិវេណរោងចក្រ Pemex ។
សេចក្តីរាយការណ៍ ពីរដ្ឋាភិបាល Veracruz ឲ្យដឹងថា គ្រោះថ្នាក់លើកចុងក្រោយមួយនេះ បានកើត ឡើង នាវេលារសៀល ម៉ោង ១៥ និង ៣០ នាទី ម៉ោងក្នុងស្រុក ប្រទេសម៉ិចសិក ។ ប្រភពបន្តឲ្យដឹង ថាភ្លើងឆាបឆេះស្ថិតនៅក្រោមការគ្រប់គ្រងបាន នាវេលាក្បាលព្រលប់ ខណៈផ្សែងក៏បានថយថម កម្លាំងទៅវិញដូចគ្នាដែរ ជាប្រការប្រសើរបំផុត ក្នុងការកាត់បន្ថយហានិភ័យនៃការសាយភាយសារ ជាតិពុល ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី