CamNews

តារា 

ប្អូន​ប្រុស ចន ច័ន្ទលក្ខិណា ៖«ខ្ញុំមិន​ដែល​ផ្ដល់​បទ​សម្ភាសន៍ ដល់​អ្នក​កាសែត​ណា​ទេ ជុំវិញ​រឿង​គ្រួសារ

(ភ្នំពេញ)៖ បន្ទាប់ពីរឿងរ៉ាវ បណ្ដឹងលែងលះរបស់តារាសម្ដែង និងជាពិធីករល្បីឈ្មោះលោក ប៉ែន ចំរ៉ុង ប្ដឹងលែងភរិយារបស់ខ្លួន គឺកញ្ញា ភិន សុដាលីស ត្រូវបានបែកធ្លាយ ដល់ដៃតុលាការ គួរឲ្យភ្ញាក់ផ្អើលមក គឺសង្កេតឃើញថា មជ្ឈដ្ឋានមហាជនទូទៅកំពុងតែរងចាំអ៊ុតមើលថា តើលទ្ធផលនៃបណ្ដឹងនេះ​នឹងទៅជាយ៉ាងណា ជាពិសេសគេក៏ចង់ដឹងដែរថា ដើមចមដៃជម្លោះនេះ ផ្ដើមចេញមកពី ប៉ែន ចំរ៉ុង ឬមួយមពី នាង ភិន សុដាលីស ព្រោះស្នេហាពួកគេ ពិតជាលំបាកណាស់ទម្រាំបានគ្នា ជាប្ដីប្រពន្ធស្របច្បាប់។

យ៉ាងណាមិញថ្មីៗនេះ មជ្ឈដ្ឋានអ្នករស់នៅក្នុងចង្កោមសិល្បៈ មានអ្នកខ្លះហ៊ានបញ្ចេញយោបល់ និងអ្នកខ្លះទៀតមិនហ៊ានបញ្ចេញ​ ជុំវិញរឿងប៉ែន ចំរ៉ុង ខាងលើនេះ ព្រោះពួកគេគិតថា ជារឿងគ្រួសារ ហើយមិនកាន់ជើងខាងណាៗទេ ហើយរងចាំមើលលទ្ធផលដូចគ្នា។ ប៉ុន្តែក្នុងនោះ គេបានឃើញតារាប្រុសម្នាក់ ដែលគេស្គាល់ថា ត្រូវជាប្អូនប្រុសរបស់តារាសម្ដែង ចន ច័ន្ទលក្ខិណា គឺលោក ចន ច័ន្ទតារា ត្រូវបានបណ្ដាញសារព័ត៌មានចុះផ្សាយថា លោកបានលូកមាត់ចូលទៅក្នុងជម្លោះ រវាងប្ដីប្រពន្ធ ប៉ែន ចំរ៉ុង និងភិន សុដាលីស ហើយត្រូវបានមហាជនរិះគន់ថា ជាអ្នកចេះដឹងរឿងគេ ។ តែចំណុចនេះ លោក ចន ច័ន្ទតារា បញ្ជាក់ថា លោកមិនដែលបានផ្ដល់បទសម្ភាសន៍​ឲ្យអ្នកកាសែតណាទេ ហេតុអ្វីមានព័ត៌មាននេះកើតឡើង។

​ប្អូនប្រុសរបស់អ្នកនាង ចន ច័ន្ទលក្ខិណា គឺលោក ចន ច័ន្ទតារា ជាតារាសម្ដែងដ៏ស្រស់សង្ហាម្នាក់ ថ្វីត្បិតតែមិនសូវ មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង តែលោកក៏មានការងារច្រើនធ្វើ មិនធម្មតាឡើយ ព្រោះ​មានការងារ ជាក្រុមជាមួយក្រុមតន្ត្រីនានា​ជាច្រើន។ លោក ចន ច័ន្ទតារា ត្រូវបានសារព័ត៌មានមួយចំនួន ចុះផ្សាយថា លោកបានលូកមាត់​លូកក ជាមួយរឿង ប៉ែន ចំរ៉ុង និង ភិន សុ​​ដាលីស ហើយលោកត្រូវ​បានមហាជនជាច្រើន រិះគន់លោក ថា«ជាមនុស្សចេះដឹងរឿងគេ!​» ខណៈដែលលោក មិនបានដឹងរឿងអីសោះ។

លោក ចន ច័ន្ទតារា បាននិយាយ​ប្រាប់ Khmertalking លោកមិនបានជួប​អ្នកកាសែតណាម្នាក់សោះ ផ្ដល់បទសម្ភាសន៍ណាមួយឡើយ ស្រាប់តែលេចព័ត៌មានឡើងតែម្ដង ធ្វើឲ្យលោកភ្ញាក់ផ្អើលខ្លាំងមែនទែន ។ សម្រាប់រឿង​ លោក ចំរ៉ុង និង ​ភិន សុដាលីស លោកមិនបាននិយាយអ្វីទេ ព្រោះរឿងបុគ្គល ម្យ៉ាង​ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ ​សម្រាប់ការចុះផ្សាយនោះ ហាក់ធ្វើឲ្យលោក ខូចខាតច្រើនជាងចំណេញ។

លោក ចន ច័ន្ទតារា ថ្វីតែជាប្អូនប្រុសបង្កើត អ្នកនាង ចន ច័ន្ទលក្ខិណា តែលោកមិនបាន​តោងកាលីបបងស្រី ដើម្បី​ប្រជាប្រិយភាពទេ លោកប្រឹងប្រែងធ្វើអ្វី ដោយខ្លួនលោក និង ​សន្សឹមៗ តាមសមត្ថភាព៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chhorn chanleakena