(ភ្នំពេញ)៖ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានតារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាននោះ បានចេញលិខិតមួយធ្វើការថ្កោលទោសធ្ងន់ៗទៅលើ លោក ហុង លីម អ្នកតំណាងរាស្ត្រអូស្ត្រាលី ដែលបានលើកឡើងថា របបនៅកម្ពុជាជា «របបតិរច្ឆាន» តាមរយៈការផ្តល់សម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរី កាលពីថ្មីៗកន្លងមកនេះ។
នៅក្នុងលិខិតថ្កោលទោស ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ របស់«សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» របស់តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា បានឲ្យដឹងថា សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអាកប្បកិរិយាមាយាទថោកទាប របស់អ្នកតំណាងរាស្ត្រអូស្ត្រាលី លោក ហុង លីម ដែលបានប្រើ ភាសារព្រៃ អសីលធម៌ ដោយចាត់ទុកថា របបនៅកម្ពុជាជា «របបតិរច្ឆាន»។
លិខិតដដែលនេះបានបន្តថា «យើងខ្ញុំមិនអាច និងដាច់ខាតទទួលយកបានទេ ចំពោះការប្រើប្រាស់ពាក្យពាលប្រកប ដោយឥរិយាបថថោកទាប មិនឆ្លុះបញ្ចាំង ឬស័ក្តិសម នឹងសីលធម៌ គុណធម៌ ដែលជាអ្នកតំរាស្រ្ត នៃប្រជាជាតិស៊ីវីល័យ និងស្ថេរភាពជាមួយនឹងការទូត នៃទំនាក់ទំនង និងសហប្រតិបត្តការល្អរវាងកម្ពុជា និងអូស្ត្រាលីបានឡើយ។ ដូច្នេះយើងខ្ញុំទាំងអស់គ្នា សូមធ្វើការទាមទារឲ្យលោក ហុង លីម ធ្វើការចេញមុខសុំទោស ជាសាធារណៈ ចំពោះព្រះមហាក្សត្រខ្មែរ ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលជាបន្ទាន់ នៅក្នុងករណីជាចាំបាច់»។
ប្រភពខាងលើបានបន្តថា «យើងខ្ញុំជឿជាក់ថា លោកជំទាវអគ្គរដ្ឋទូតអូស្រា្តលី Angela Corcoran នឹងអន្តរាគមន៍ជាបន្ទាន់ ប្រឆាំងនិងករណីដ៏អាក្រក់នេះ របស់តំណាងរាស្រ្តលោក ហុង លីម ដើម្បីថ្វាយ និងការពារកិត្តិយសដ៏ឧដុង្គឧត្តម គោរពថ្វាយដល់ព្រះមហាក្សត្រខ្មែរ និងសេចក្តីថ្លៃថ្នូររបស់ប្រជារាស្រ្ត»។
សូមបញ្ជាក់ថា លិខិតថ្កលទោសរបស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមខាងលើនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីតំណាងរាស្ត្ររូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយ លោក ជុន ច័ន្ទបុត្រ ជាអ្នកសម្របសម្រួលវិទ្យុអាស៊ីសេរីរបស់បរទេស ដែលនិយាយជាខេមរភាសា ដោយដាក់ចំណងជើងថា «តំណាងរាស្ត្រ ខ្មែរ-អូស្ត្រាលីចាត់ទុករបបនៅកម្ពុជា ជារបបតិរច្ឆាន»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង