(ភ្នំពេញ)៖ អ្នកនាង ចន ច័ន្ទលក្ខិណា បានថ្លែងប្រាប់អង្គភាព Fresh News និង Kmertalking ថា អ្នកនាងនឹងត្រៀមផ្ដល់មេធាវីការពារក្ដី ដោយឥតគិតថ្លៃ ដល់តារាចម្រៀង វ៉ាន់ នីឡា ដែលកំពុងទទួលរងគ្រោះ ដោយសារជនអនាមិកទម្លាយរូបអាក្រាត ពេញបណ្ដាញសង្គម Facebook ។
ការផ្ដល់មេធាវីដោយឥតគិតថ្លៃនេះ ធ្វើឡើងក្រោមការងាររបស់សមាគមថ្មី មានឈ្មោះថា «សមាគមអ្នកគាំពារសិល្បៈ» ដែលនឹងដាក់សំណើរ ទៅកាន់ក្រសួងមហាផ្ទៃ ជាផ្លូវការ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រ និងចេញមុខជួយរកយុត្តិធម៌ ជូនប្អូនស្រី វ៉ាន់ នីឡា ហើយយើងខ្ញុំសង្ឃឹមថា ច្បាប់នឹងផ្ដន្ទាទោស ចំពោះជនអសីលធម៌នេះ ដែលកំពុងជាន់ពន្លិចនូវតម្លៃស្រ្តីខ្មែរ។ យើងខ្ញុំទាំងអស់គ្នាគាំទ្រឲ្យ មានយុត្តិធម៌គ្រប់ស្រ្តីរងគ្រោះ កម្ពុជាជាប្រទេសគោរពច្បាប់ !» ។
ការប្រកាសផ្ដល់ មេធាវីឥតគិតថ្លៃ ពីសំណាក់តារាសម្ដែង ដ៏មានប្រជាប្រិយនៅកម្ពុជារូបនេះ ធ្វើឡើងបន្ទាប់ពីអ្នកសិល្បៈល្បីៗមួយចំនួន បានសម្ដែងក្ដីអាណិតអាសូរ ចំពោះតារាចម្រៀង វ៉ាន់ នីឡា ដែលត្រូវជនអនាមិក ទម្លាយរូបស្រាត និងទទូចសុំឲ្យអ្នកលេងបណ្ដាញសង្គមទាំងអស់ មេត្តាបញ្ឈប់ការចែកចាយរូបភាពទាំងនេះតទៅទៀត។
សូមជំរាបថា ការបែកធ្លាយរូបអាក្រាតជាច្រើនប៉ុស្ដិ៍ និងជាបន្តបន្ទាប់បែបនេះ គឺបានកើតឡើងបន្ទាប់ពីរូបនាងផ្ទុះជម្លោះ និងចែកផ្លូវគ្នាជាមួយអតីតសង្សារ ដែលត្រូវបានបងប្រុស វ៉ាន់ នីឡា ប្រាប់ឲ្យដឹងថាឈ្មោះ សិទ្ធិ ស័កិ្ត អាយុ២៦ឆ្នាំ មានតួនាទីជាប៉ូលិសស័ក្ដិបួនកន្លះ និងត្រូវជាកូនមន្រ្តីប៉ូលិសពាក់ផ្កាយ៣ ដ៏មានអំណាចមួយរូប បម្រើការងារក្នុងក្រសួងមហាផ្ទៃ។ ចំពោះរូបអាក្រាត ដែលបានបែកធ្លាយជាបន្តបន្ទាប់នេះ ត្រូវបានម្ចាស់សាមីខ្លួន គឺកញ្ញា វ៉ាន់ នីឡា សង្ស័យថា អតីតសង្សាររបស់នាងជាអ្នកទម្លាយ ព្រោះមានតែរូបគេម្នាក់ទេ ដែលមានរូបអាក្រាត របស់នាងនៅក្នុងដៃ ពេលពួកគេទាំងពីរ នៅល្អូកល្អឺននឹងគ្នា។
យ៉ាងណាមិញ កាលពីល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក សុខ ជំនោរ ដែលត្រូវជាបងប្រុសបង្កើត របស់តារាចម្រៀង វ៉ាន់ នីឡា បានប្រាប់ Fresh News និង Khmertalking ឲ្យដឹងថា វ៉ាន់ នីឡា បានចូលបំភ្លឺនៅក្នុងក្រសួងមហាផ្ទៃ លើបណ្ដឹងរបស់នាង តាមការកោះអញ្ជើញរបស់សមត្ថកិច្ច ហើយសមត្ថកិច្ចកំពុងតែបើកការស៊ើបអង្កេតលើ សំណុំរឿងនេះ។
Fresh News និង Khmertalking សូមរក្សាសិទ្ធិ មិនបញ្ចេញរូបស្រាតទាំងអស់នេះឡើយ ដើម្បីរក្សានូវកិត្តិយស សេចក្ដីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់នាង ក្នុងនាមជាស្រ្តីខ្មែរ និងជាតារាចម្រៀងល្បីម្នាក់៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង