CamNews

តារា 

ចន ច័ន្ទលក្ខិណា៖ «ខ្ញុំ​បង្កើត​សមា​គម​​ថ្មី​មួយ ​ដើម្បី​​ជួយ​​ដល់​​អ្នក​​សិល្បៈ​​រង​​គ្រោះ និង....

(ភ្នំពេញ)៖ តារាសម្ដែងជើងចាស់ មានប្រជាប្រិយភាពមិនចេះសាបសូន្យ អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសជាសាធារណៈ​នៅក្នុងកិច្ចសម្ភាសន៍​ផ្សាយផ្ទាល់ នៅលើ Page Facebook របស់សម្ដេចតេជោ ហ៊ុន សែន​ នាថ្ងៃទី២៣ ខែមិថុនា​ ឆ្នាំ២០១៦ នេះថា ពេលនេះអ្នកនាងបានផ្ដួចផ្ដើម​​គំនិតបង្កើតនូវសមាគមជួយ អ្នកសិល្បៈមួយ មានឈ្មោះថា ​«សមាគមមិត្តសិល្បៈ​ស្ម័គ្រចិត្ត​ជួយសង្គម»​ ដើម្បីជួយដល់អ្នកសិល្បៈ នៅពេលពួកគេជួបប្រទះនូវបញ្ហាប្រឈមតាមផ្លូវ​ច្បាប់ណាមួយ ដែលត្រូវដោះ​ស្រាយ។

​នៅក្នុងកិច្ចសម្ភាសន៍នេះអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញពីយុទ្ធសាស្រ្តគោលការណ៍ និងគោលដៅសំខាន់ៗរបស់សមាគម ទៅថ្ងៃខាងមុខ ទោះបីជា សមាគម​ទើបបង្កើតថ្មី ក្នុងនាមអ្នកនាងជាប្រធាន ​ត្រូវតែមានគោលដៅច្បាស់លាស់ ​ហើយយើងគួរតែធ្វើអ្វីខ្លះ ដើម្បីជួយសង្គមជួយដល់ សិល្បករ-សិល្បការិនីរបស់យើង​ និងជនក្រីក្រ។

រហូតមកដល់ពេលនេះ មានសមាជិកជាសិល្បករ-សិល្បការិនី ​និងមន្ត្រីរាជការ សរុបប្រហែលជា១០០នាក់ បានជួយទ្រទ្រង់ដំណើរការ​របស់សមាគមទាំងមូល។ ទោះបីជាសមាគម ទើបបង្កើតបានជិត២សប្ដាហ៍ក្ដី ប៉ុន្តែយើងមានសកម្មភាពមួយចំនួន ​លេចចេញជារូបរាង ដោយដំបូងឡើយ គឺជួយដល់កញ្ញា វ៉ាន់ នីឡា ជាសិល្បការិនីដំបូង ដែលត្រូវបានជួយសង្គ្រោះពី «សមាគម​សិល្បៈស្ម័គ្រចិត្តជួយសង្គម» ដោយបានផ្ដល់ជាមេធាវីជូនដល់គាត់ មិន​គិតប្រាក់ ដើម្បីស្វែងរកយុត្តិធម៌ ។ មួយវិញទៀតសិល្បករ-សិល្បការិនី បាននាំយក​សម្ភារសិក្សា ថវិកា យកទៅចែកជូនដល់សិស្សក្រីក្រ និងបង្កើតបណ្ដាល័យក្នុងសាលា ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ប្រធានសមាគមថ្មីថ្មោង អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្ថែមទៀតថា សមាគមមានគម្រោងជាច្រើនទៀត ប៉ុន្តែធ្វើតាមដំណាក់កាល មានដូចជាជួយដល់និសិ្សត ស្វែងរកការងារធ្វើរៀបចំជាឯកសារផ្សេងៗ ដើម្បីជួយរកការងារធ្វើ និងខិតខំស្វែងរកការងារជូនពួកគាត់។ ជាពិសេសសមាគមចង់ប្រមូលផ្ដុំអ្នកសិល្បៈ ទាំងអស់ប្រគំត​ន្រ្តី នៅតាមបណ្ដារោងចក្រនានា ដើម្បីបង្កើតភាពស្និទ្ធស្នាល ជាមួយបងប្អូន​កម្មករ-កម្មការិនី។

ចន ច័ន្ទលក្ខិណា សង្កត់ធ្ងន់ថា សកម្មភាពទាំងនេះ ទទួលបានការគាំទ្រខ្លាំង ពីសំណាក់មិត្តសិល្បករ-សិល្បការិនី ក៏ដូចជាបងប្អូនទូទៅ ហើយសមាគម និងខិតខំស្វែងរកទីតាំងដាច់ស្រយាលផ្សេងៗទៀត ដើម្បីជួយដល់កុមារក្រីក្រ ជនចាស់ជរា ជនគ្មានទីពឹង ជាដើម។

​ប្រធានសមាគមរូបនេះ បញ្ជាក់ថា ប្រសិនបើបងប្អូន ​ពិសេស​យុវវ័យ ​​ចង់ចូលរួមជាសមាជិក គឺគ្រាន់តែអញ្ជើញមកការិយាល័យរបស់យើង​ បំពេញ​តាមលក្ខខណ្ឌមួយចំនួន គឺជាការស្រេច ព្រោះសមាគមត្រូវការអ្នកស្ម័គ្រចិត្ត ។ ជាមួយគ្នានេះ អ្នកនាង ចន ច័ន្ទលក្ខិណា សូមជំរាបដល់សិល្បករ-សិល្បការិនីទាំងអស់ ប្រសិនបើស្ថិតក្នុងស្ថានភាពរងគ្រោះ ឬជួបប្រទះនូវរឿងរ៉ាវណាមួយ សូមទាក់ទងមកសមាគម ដើម្បីឲ្យសមាគមជួយប្រឹក្សា​ទាំងផ្នែកច្បាប់ និងផ្ដល់កម្លាំងចិត្ត ដើម្បីទទួលបានការគាំពារ​ពីសមាគម។

អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានផ្ដាំផ្ញើ​ទៅដល់​សិល្បករ-សិល្បការិនី​ទាំងអស់ ត្រូវចេះរួបរួមគ្នាវេញជាធ្លុងមួយជួយគ្នាទៅវិញទៅមកដឹងពីសុខទុក្ខគ្នា កុំប្រកាន់ ឬរើសអើងគ្នា និងចូលរួមធ្វើសកម្មភាពសង្គមឲ្យបានច្រើន ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

https://scontent-kul1-1.xx.fbcdn.net/v/t1.0-9/13509070_1467682946591344_3734905292754886719_n.png?oh=8396140758a26e905af5940be6f1fed8&oe=57F714CC

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chhorn chanleakena