CamNews

ព័ត៌មានអន្តរជាតិ 

ជាមួយនរណាបាន ជាមួយ ICC សូម្បីតែអង្គការសហប្រជាតិក៏រងការរិះគន់ចាស់ដៃដែរ!!!

អគ្គរដ្ឋអាជ្ញានៃតុលាការឧក្រឹដ្ឋកម្មអន្ដរជាតិ(ICC) លោកស្រី Fatou Bensouda បានបញ្ជូនរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ដោយរិះគន់អង្គការកំពូលនេះថា ពុំបានចាត់វិធានការប្រឆាំងនឹងបណ្ដារដ្ឋ ដែលមិនបានបញ្ជូនជនសង្ស័យប្រព្រឹត្ដបទល្មើសធ្ងន់ធ្ងរមកកាន់ ICC។

ក្រុមប្រឹក្សា UN ធ្លាប់បានបញ្ជូនកំណត់ហេតុសង្ស័យឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រឹដ្ឋកម្មសង្រ្គាម ដែលបានប្រព្រឹត្ដ នៅតំបន់ Darfur  ប្រទេសស៊ូដង់ ដោយយោធា និងកងជីវពល មកកាន់ ICC កាលពី ១៣ ឆ្នាំកន្លងទៅ។  តុលាការ ICC មានយុត្ដាធិការចេញដីកាចាប់ខ្លួនជនសង្ស័យ ៥ នាក់ ដែលក្នុងចំណោមនោះ គឺជាប្រធានាធិបតីប្រទេសស៊ូដង់តែម្ដង។  


ប្រទេសស៊ូដង់ ដែលជាសមាជិកអង្គការ UN ផងដែរនោះ បានបដិសេធមិនព្រមសហការជាមួយនឹងការស៊ើបអង្កេតនោះឡើយ។

អគ្គរដ្ឋអាជ្ញាលោកស្រី Bensouda បាននិយាយថា នាពេលបច្ចុប្បន្ននេះ យើងមានម្រូវការឱ្យក្រុមប្រឹក្សាអង្គការ UN និងសហគមន៍អន្ដរជាតិទាំងមូល ត្រូវជួយគាំទ្រដល់ការចាប់ខ្លួន និងបញ្ជូនបណ្ដាជនសង្ស័យរបស់ ICC មកកាន់តុលាការ ដើម្បីឱ្យជនសង្ស័យទាំងនោះ អាចផ្ដល់ចម្លើយតបនឹងការចោទប្រកាន់ប្រឆាំងនឹងពួកគេ តាមរយៈនីតិវិធីតុលាការប្រកបដោយសត្យានុម័ត និងឯករាជ្យ។

ICC កំពុងតែស្នើសុំឱ្យ UN ជួយខ្លួនដើម្បីសម្របសម្រួលនូវកិច្ចពិភាក្សាមួយជាមួយរដ្ឋាភិបាលស៊ូដង់។

 លោកស្រី Bensouda មានប្រសសាន៍ថា៖

ការយល់ឃើញរបស់ពិភពលោក គឺអាស្រ័យទៅលើការធ្វើរបស់យើង។ ការយល់ឃើញរបស់ជនរងគ្រោះ និងក្រុមរបស់ជនរងគ្រោះ នៅក្នុងតំបន់ Darfur ដែលមានវត្ដមានថ្ងៃនេះ ក៏អាស្រ័យទៅលើយើងដែរ។ ជនរងគ្រោះទាំងនោះ មានសមានចិត្ដល្អបើមិនតិចក៏ច្រើន ហើយពួកគេមិនសក្ដិសមទទួលនូវការធ្វើទុក្ខបុកម្នេញ ដែលបណ្ដាលដោយវោហាសាស្រ្ដបំភ្លៃក្នុងចេតនាបំភាន់ការពិត និងយាយីដល់ការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សា និងពិភពលោក ពីបញ្ហាដែលយើងកំពុងព្រួយបារម្ភជាខ្លាំងក្នុងប្រទេសនេះឡើយ។ អ្វី ដែលយើងត្រូវការឱ្យមានភាពប្រាកដនិយម គឺគណនេយ្យភាព តាមរយៈនីតិវិធីផ្លូវច្បាប់របស់តុលាការប្រកបដោយឯករាជ្យលើឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងអស្ថិរភាព ក្រោមលក្ខន្តិកៈទីក្រុងរ៉ូម ដែលបានប្រព្រឹត្ត នៅតំបន់ Darfur ។

កាលពីខែកក្កដា ICC បានសម្រេចថា អាហ្វ្រិកខាងត្បូង បានរំលោភលើកាតព្វកិច្ចរបស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងការចាប់ខ្លួនប្រធានាធិបតីស៊ូដង់។ នៅខែមិថុនាឆ្នាំ ២០១៧ ICC បានជំរុញឱ្យសហគមន៍អន្តរជាតិ ជួយនាំជនសង្ស័យឧក្រិដ្ឋកម្មសង្គ្រាម នៅតំបន់ Darfur មកទទួលទោសតាមផ្លូវច្បាប់ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist


Tags: International news