CamNews

ព័ត៌មានអន្តរជាតិ 

រដ្ឋមន្ត្រី​សង្គ្រាម​របស់ ISIS ស្លាប់​ក្នុង​ការទម្លាក់​គ្រាប់បែក​របស់​អាមេរិក

(​វ៉ាស៊ីនតោន​)៖ ក្រសួង​ការពារជាតិ​អាមេរិក បានប្រកាសថា រដ្ឋមន្ត្រី​សង្គ្រាម (IS Minister of war) របស់​ក្រុម​សកម្ម​ប្រយុទ្ធ ISIS លោក Tarkhan Tayumurazovich Batirashvili បាន​ទទួល​មរណភាព​ហើយ ក្នុងការ​វាយប្រហារ​តាម​ដែន​អាកាស របស់​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​ស៊ី​រី​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ថ្ងៃ​ពុធ ទី​០៩ ខែ​មីនា ឆ្នាំ​២០១៦​។​

​តាមពិត​ការវាយប្រហារ នោះ​ធ្វើឡើង​តាំងពី​ថ្ងៃ​ទី​០៤ ខែ​មីនា មកម្ល៉េះ ទៅ​លើ​មូលដ្ឋាន​ដ៏​ធំ​មួយ​របស់​ពួក ISIS ក្នុង​ខេត្ត ហ្សា​ដ​ដា​ឌី (Shaddadi) នៃ​ប្រទេស​ស៊ី​រី ក្នុងនោះ​លោក Batirashvili ជា​ជនជាតិដើម​មកពី ហ្ស​ក​ហ្ស៊ី ដែល​ត្រូវបាន​គេ​ស្គាល់​រហ័ស​នាម​ថា «Omar the Chechen» និង​ត្រូវ​ជា មន្ត្រី​ជាន់ខ្ពស់​ដ៏​សំខាន់​ទទួលបន្ទុក​សង្គ្រាម ប្រហែល​ជា​បាត់បង់​ជីវិត​ជាមួយនឹង​កងកម្លាំង​ហែរ​ហម​រូបលោក​ចំនួន ១២​នាក់​ផ្សេង​ទៀត​។​

​យ៉ាងណាក៏ដោយ​ក្រសួង​ការពារជាតិ​អាមេរិក បាននិងកំពុង​ទាក់ទង​ទៅកាន់​កងកម្លាំង​របស់​ខ្លួន​នៅ​អ៊ីរ៉ាក់ ដើម្បី រក​ភស្តុតាង​បញ្ជាក់​ឲ្យ​ប្រាកដថា ថ្នាក់ដឹកនាំ​កំពូល​របស់ ISIS ដូច​ខាងលើ​នេះ ពិតជា​បាន​ស្លាប់​មែន​។ បុគ្គល​ដូច ជា​លោក Batirashvili ពិតជា​មាន​សារៈសំខាន់​ណាស់​ចំពោះ ISIS ព្រោះថា​កន្លង​មក លោក​បាន​កាន់​តួនាទី​ជា​អ្នក បង្វឹក និង បញ្ចុះបញ្ចូល​សមាជិក​ពី​ក្រៅប្រទេស ឲ្យមក​ចូលរួ​មប្រយុទ្ធ ហើយ​វា​នឹង​ផ្តល់​ផល​អាក្រក់​ខ្លាំង​សម្រាប់ ISIS ប្រសិនបើ Batirashvili បាត់បង់​ជីវិត​មែន​៕​


ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី

 


Tags: Int news Breaking news World news Unt news Hot news Egypt ISIS