(អាមេរិក)៖ អាហារពេលព្រឹក មានសារសំខាន់បំផុត ព្រោះជាប្រភពថាមពល ដែលរាងកាយត្រូវយកទៅប្រើប្រាស់ ពេញមួយថ្ងៃ។ ក្រៅពីនេះអាហារពេលព្រឹក ថែមទាំងអាចការពារជំងឺ ទឹកនោមផ្អែម បំប៉នបេះដូង និងជួយសម្រកទម្ងន់ បានទៀតផង។ នេះបើយោងតាមប្រភពព័ត៌មាន Health News ចេញផ្សាយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
លទ្ធផល នៃការស្រាវជ្រាវពីសមាគមពេទ្យជំងឺបេះដូង ក្នុងសហរដ្ឋអាមេរិក រកឃើញថា ការទទួលទានអាហារពេលព្រឹក យ៉ាងទៀងទាត់ ជួយកាត់បន្ថយការប្រឈមមុខ នឹងការកើតជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺបេះដូង។
លើសពីនេះ វាថែមទាំងជួយកាត់បន្ថយ អាការខ្សោយល្ហិតល្ហៃបាន។ លទ្ធផលស្រាវជ្រាវបង្ហាញថា អ្នកដែលទទួលទានគ្រាប់ធញ្ញជាតិរាល់ថ្ងៃ ជាអាហារពេលព្រឹក អស់រយៈពេលជាង៥ឆ្នាំ មានអាយុយឺនយូរ ព្រោះគ្រាប់ធញ្ញាជាតិ មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី កាកសសៃអាហារ និងកត្តាផ្សេងៗ ដែលជួយកាត់បន្ថយការ ប្រឈមមុខនឹងជំងឺបេះដូង។
ជាពិសេសវាថែមទាំងជួយ កាត់បន្ថយកូឡេស្តូរ៉លក្នុងឈាម និងបន្ថយសម្ពាធឈាមជំរុញឲ្យរាងកាយប្រើគ្លុយកូស និងអ័រម៉ូនអំាងស៊ុយលីន កាន់តែល្អឡើង។
អ្នកជំនាញ ថែមទាំងបានបញ្ជាក់ថា អាហារពេលព្រឹកជួយសម្រកទម្ងន់បាន ព្រោះធ្វើឲ្យអន្តរកម្មរបស់រាងកាយ អាចគ្រប់គ្រងបរិមាណការទទួលទានអាហារ ក្នុងពេលបន្ទាប់។
ការបង្អត់អាហារពេលព្រឹក អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាម ចុះទាបព្រោះរាងកាយអត់អាហារ១០ ទៅ ១២ម៉ោងទៅហើយទម្រាំដល់ពេលព្រឹក ទើបធ្វើឲ្យមានទំនោរទទួលទានអាហារ ដែលមានថាមពល និងជាតិខ្លាញ់ នៅថ្ងៃត្រង់ ឬអាហារពេលបន្ទាប់ទៀត ជាហេតុធ្វើឲ្យកើតជំងឺធាត់ នៅទីបំផុត៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង