ការមានផ្ទៃពោះ ស្តាប់ទៅវាគួរឲ្យខ្លាច ជាពិសេសចំពោះស្រ្តីដែលទើបតែមានទម្ងន់ជាលើកទី ១។ ប៉ុន្តែ ការផ្លាស់ប្តូររាងកាយអំឡុងពេលមានផ្ទៃពោះវាអាចជារឿងដ៏អស្ចារ្យមួយ ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងចែករំលែកមិត្តអ្នកអានជាពិសេសមិត្តនារីដែលកំពុងមានផ្ទៃពោះនូវរឿងមួយចំនួនដែលគួរឲ្យចាប់អារម្មណ៍អំពីការមានផ្ទៃពោះ ។
រូបតំណាង
១. ក្នុងអំឡុងពេលមានផ្ទៃពោះ ស្បូនរបស់អ្នកនឹងធំជាង ៥០០ ដងនៃទំហំដើមរបស់វា។ ប្រសិនបើយើងប្រៀបធៀបទៅនឹងផ្លែឈើវិញ ដំបូងស្បូនគ្រាន់តែមានទំហំប៉ិនផ្លែប៉ែសតែប៉ុណ្នោះ ហើយចាប់ផ្តើមរីកមាឌរហូតដល់ប៉ិនផ្លែឪឡឹក។
២. ស្ត្រីដែលឧស្សាហ៍មានអាការៈក្រហាយចុងដង្ហើមក្នុងពេលមានផ្ទៃពោះ អាចកំណត់សម្គាល់ថាកូនកើតមកអាចមានសក់ច្រើន។
៣. នៅសប្តាហ៍ទី ៩-១២ ទារកដែលនៅក្នុងផ្ទៃចាប់ផ្តើមមានស្នាមក្រញៅដៃហើយ។
៤. គេស្គាល់ឃើញថា ការមានផ្ទៃពោះដែលមានរយៈពេលយូរបំផុត គឺមានរយៈពេលរហូតទៅដល់ ១ឆ្នាំ ១០ថ្ងៃ ឬ ស្មើនឹង ៣៧៥ ថ្ងៃ។
៥. ស្ត្រីមានផ្ទៃពោះ អាចចាប់ផ្តើមមានទឹកដោះចេញ និងបំបៅកូនបាននៅពេលដែលលឺសំឡេងកូនយំ។
៦. កំឡុងពេលដែលកូនជិតកើត សុកនឹងផលិតអ័រម៉ូនអឺស្ត្រូសែន (estrogen) ក្នុងមួយថ្ងៃច្រើនជាងស្ត្រីដែលមិនមានផ្ទៃពោះដែលផលិតក្នុងរយៈពេល ៣ឆ្នាំ។
៧. តាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តបានបង្ហាញថា វិធីសាស្រ្តធម្មជាតិតែមួយគត់ដែលជំរុញក្នុងការឈឺពោះឆ្លងទន្លេ គឺការរំញោចក្បាលដោះ។ ប៉ុន្តែអ្នកត្រូវចំណាយពេលយ៉ាងហោចណាស់ ១ ម៉ោងក្នុងមួយដង ហើយ ៣ ដងក្នុងមួយថ្ងៃដើម្បីឲ្យវាប្រព្រឹត្តិទៅបានរលូន។ (ដូចគ្នានេះ អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬឆ្មបរបស់អ្នកជានិច្ច មុនពេលធ្វើការសាកល្បងនេះ)
៨. "ដំណើរដូចទានៅពេលមានផ្ទៃពោះ" កើតឡើងដោយសារតែ សន្លាក់របស់ស្ត្រីមានផ្ទៃពោះមានការរលាជាងមុន ហើយទីតាំងកណ្តាលនៃខ្លូនរបស់គាត់គឺមានការផ្លាស់ប្តូរស្របពេលដែលមានផ្ទៃពោះ។
៩. ស្ត្រីដែលមានកម្ពស់ខ្ពស់ ឬលើសទម្ងន់ គឺអាចនឹងមានឱកាសច្រើនក្នុងការមានកូនភ្លោះ។
១០. ស្ត្រីម្នាក់ក្នុងចំណោមបីនាក់ គឹអាចនឹងប្រឈមនឹងការសំរាលកូនតាមរយៈការវះកាត់។ ចំនួននេះបានកើនឡើង ៣ដងក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។
១១. ទារកម្នាក់ក្នុងចំណោមទារក ២,០០០ នាក់ ពេលកើតមកមានធ្មេញមួយគ្រាប់។
១២. ការសិក្សាស្រាវជ្រាវបង្ហាញថា ទារកអាចភ្លក់នូវអ្វីដែលម្តាយបានញ៉ាំចូលទៅ។ រសជាតិខ្លាំង (ដូចជាខ្ទឹមស) អាចមានឱកាសឆ្លងកាត់ទឹកភ្លោះទៅដល់ទារក។ ទារក ក៏បានបង្ហាញចំណង់ចំណូលចិត្តចំពោះអាហារមួយចំនួនដែលពួកគេត្រូវបានប៉ះពាល់អំឡុងពេលនៃការមានគភ៌ផងដែរ។
១៣. ស្ត្រី ៩នាក់ក្នុងចំណោម ១០នាក់មានការផ្លាស់ប្តូរពណ៌ស្បែក អំឡុងពេលមានផ្ទៃពោះដែលគេហៅថា ការផ្តល់ពណ៌ខ្លាំងលើសកំណត់ (hyperpigmentation)។ នេះ គឺដោយសារតែរាងកាយបង្កើនការផលិតសារជាតិមេឡានីន (melanin) ក្នុងអំឡុងពេលមានផ្ទៃពោះ។
១៤. នៅក្នុងស្បូន ស្ត្រីចាប់ផ្តើមទម្លាក់ពងសម្រាប់បន្តពូជរហូត ផ្ទុយមកវិញបុរសមិនមានបង្កើតមេជីវិតឈ្មោលលុះត្រាតែដល់ពេលពេញវ័យ។
១៥. នៅពេលដែលស្ត្រីសម្រាលកូនជាលើកដម្បូង ឆ្អឹងអាងត្រគាករបស់ស្រ្តីបានញែកចេញពីគ្នានៅត្រង់ចំណុចកណ្តាល ហើយឆ្អឹងមិនមានសភាពបែក ឬប្រេះនោះទេ ប៉ុន្តែវាក៏មិនត្រលប់មកដូចសភាពដើមនោះដែរ។
១៦. ចង្វាក់បេះដូងនឹងមានការកើនឡើងកំឡុងពេលមានផ្ទៃពោះ ដើម្បីសម្រូលដល់លំហូរឈាមបន្ថែមរវាងម្តាយនិងទារក។ ដូច្នេះ បើអ្នកសម្គាល់ឃើញថាចង្វាក់បេះដូងមានការកើនឡើង នោះវាក៏ជាសញ្ញាឲ្យអ្នកដឹងថាអ្នកមានផ្ទៃពោះផងដែរ។
១៧. អ័រម៉ូនក្នុងពេលមានផ្ទៃពោះ តែងតែធ្វើឲ្យមានការបម្រែបម្រួលដល់ក្រចក និងសក់ ប៉ុន្តែអ័រម៉ូនក្រោយឆ្លងទន្លេ គឺមិនអញ្ចឹងឡើយ។
១៨. សត្វឆ្កែ ទន្សាយ ជ្រូក ត្រីបាឡែន និងមនុស្សទាំងអស់ ចាប់ផ្តើមបង្ករកំណើតពីស៊ុតដែលមានទំហំដូចគ្នាប្រហែល ០,២ ម.ម។
១៩. មូលហេតុដែលស្ត្រីមានផ្ទៃពោះមានឃានវិញ្ញាណកាន់តែខ្លាំង គឺដើម្បីឲ្យពួកគេប្រយ័ត្នពីអាហារដែលពួកគេមិនគួរញ៉ាំដើម្បីថែរក្សាទារករបស់ពួកគេ។
២០. ស្ត្រីដែលមានបរិមាណអុកស៊ីសែនតិចនៅក្នុងឈាមរបស់ពួកគេ នឹងអាចបណ្តាលអោយមានបញ្ហាភ្លេចភ្លាំងកើតឡើង។
២១. ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ យើងឃើញថាបុរសកើតច្រើនជាងនារី បើទោះបីជាយើងឃើញស្ត្រីមានចំនួនច្រើនជាងបុរសក្នុងចំនួនប្រជាជនទូទៅក៏ដោយ។
២២. បរិមាណទឹកភ្លោះ ភាគច្រើនរាប់បញ្ចូលជាមួយបរិមាណទឹកនោម។ រឿងនេះ ភាគច្រើនដោយសារតែចាប់ពីត្រីមាសទី ២ ដល់ចុងបញ្ចប់នៃការពរពោះ ទារកនឹងនោមនៅក្នុងស្បូន ហើយបន្ទាប់មកផឹកទៅវិញ ហើយបន្ទាប់មកនោមម្តងទៀត។ នេះ ជាវដ្តរបស់ទារកពេលដែលនៅក្នុងស្បូន។
២៣. ក្នុងអំឡុងពេលមានគភ៌ ទារកមានដុះសក់ពាសពេញលើដងខ្លួនរបស់គេ ដែលហៅថា lanugo ។ សក់នេះ ត្រូវបានជ្រុះមកធម្មតាវិញមុនពេលសំរាលចេញមក ឬពេលខ្លះគឺនៅតែឃើញមានដដែលអញ្ជឹង ៕
ប្រែសម្រួល ៖ ច័ន្ទ