CamNews

ព័ត៌មានអន្តរជាតិ 

ភ្ញៀវបរទេសម្នាក់រត់ទាំងបែកក្បាលហូរឈាមស្រោចខ្លួន ព្រលឹងចុងសក់ ព្រោះតែ........

ប្រទេសថៃ៖ បុរសជនជាតិអ៊ីរ៉ង់ម្នាក់ ដែលបានធ្វើដំណើរកំសាន្ត លើទឹកដីខេត្ដប៉ាតាយ៉ា ជាមួយមិត្តភក្តិជាលើកដំបូង ត្រូវបានក្រុមជនអន្ធពាលវាយធ្វើបាប និងរងរបួស មុនពេលថ្ងៃរះ នៅទីក្រុងឆ្នេរសមុទ្រ កាលពីថ្ងៃអង្គារ។

លោក Ali Khadem អាយុ ២៩ ឆ្នាំ ដែលជាម្ចាស់ហាងលក់ទឹកអប់មួយកន្លែង នៅប្រទេសអ៊ីរ៉ង់ បានបែកក្បាលហូរឈាម នៅពេលគាត់បានរត់ទៅកាន់អង្គភាពនគរបាលចល័ត ដែលទទួលបន្ទុកគាំពារដល់ភ្ញៀវទេសចរ នៅច្រកចូលទីលាន Pattaya Soi 13 នៅសង្កាត់ Bang Lamung វេលាម៉ោង ៥ ព្រឹកថ្ងៃអង្គារ។ ជនរងគ្រោះរូបនេះ ក៏អមដំណើរដោយមិត្តភក្តិរបស់គាត់ជនជាតិអ៊ីរ៉ង់ចំនួន ៤ នាក់ទៀតផងដែរ។

បុរសរូបនេះ បានប្រាប់ប៉ូលិសតាមរយៈអ្នកបកប្រែម្នាក់ថា ក្មេងស្ទាវជនជាតិថៃចំនួន ៤-៥ នាក់ ដែលប្រដាប់ដោយដបកែវ បានវាយមកលើរូបគាត់។ គាត់ និងមិត្តភក្ដិរបស់គាត់ បានរត់គេចខ្លួនភ្លាមៗដើម្បីសុំឱ្យនគរបាលជួយអន្ដរាគមន៍ ។

ក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះ បានផ្តល់ជំនួយសង្គ្រោះ មុនពេលបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យអនុស្សាវរីយ៍ប៉ាតាយ៉ា។ មេបញ្ជាការនគរបាល លោក Thongongsak Inpadung អនុប្រធានស៊ើបអង្កេត បានទៅសាកសួរលោក Khadem កាលពីព្រឹកថ្ងៃអង្គារកន្លងទៅនេះ។ ព័ត៌មានលម្អិតនៃការវាយប្រហារនេះ មិនទាន់ដឹងច្បាស់នៅឡើយទេ។ នគរបាល កំពុងធ្វើការស៊ើបអង្កេត លើបញ្ហានេះ។


ភ្ញៀវទេសចរ ដែលរងរបួស និងមិត្តភក្តិរបស់គាត់ ត្រូវបានគេរាយការណ៍ថា បានមកទេសចរកម្សាន្ដ នៅក្រុងប៉ាតាយ៉ា ជាលើកដំបូង។ អ្នកខ្លះបានចាកចេញទៅភូកេត។

នគរបាល បានរាយការណ៍ថា ខ្លួនបានឃាត់ខ្លួនបុរសពីរនាក់ ប៉ុន្តែពួកគេ បានបដិសេធថា ពុំបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះទេ។ រូបភាពពីកាមេរ៉ាបង្កប់ នៅតំបន់នោះ កំពុងត្រូវបានត្រួតពិនិត្យ ដោយមន្រ្ដីនគរបាល ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost


Tags: International news