(ឥណ្ឌា)៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ រស់នៅប្រទេសឥណ្ឌា បានបាត់បង់ជីវិតដោយស្មានមិនដល់ បន្ទាប់ពីគេព្យាយាមថតរូប Selfie ជាមួយសត្វដំរីមួយក្បាល។ ហេតុការណ៍នេះកើតឡើង នៅក្នុងស្រុក Araria, Bihar ក្មេងប្រុសរងគ្រោះឈ្មោះ Mithun Paswan នៅថ្ងៃកើតហេតុ គេបានឈរជាមួយមនុស្សជាច្រើននាំគ្នា មើលសត្វដំរីព្រៃមួយក្បាល ដែលវាស្ថិតនៅក្នុងភូមិ Majlispur ពេលនោះ Mithun និងមិត្តភក្តិគេពីរនាក់ទៀត ក៏ដើរទៅជិតដំរី ដើម្បីថតរូប Selfie ស្រាប់តែដំរីស្ទុះ មករកពួកគេតែម្តង។
មិត្តភក្តិរបស់ក្មេងប្រុសរងគ្រោះ បានរត់គេចចេញហើយ Mithun ក៏រត់នឹងគេដែរ ប៉ុន្តែគេចមិនផុត ព្រោះដំរីបានស្ទុះសំដៅ មកជាន់គេទៅហើយ។ សាក្សីដែលបានឃើញហេតុការណ៍ ពីចំងាយបានទូរស័ព្ទហៅក្រុមសង្គ្រោះ មកកាន់ទីនោះភ្លាមៗ ហើយពួកគេក៏ដឹកយកក្មេងប្រុស ទៅមន្ទីរពេទ្យតែគេត្រូវគ្រូពេទ្យ ប្រកាសថា Mithun ស្លាប់ទៅហើយ។
ក្រុមអភិរក្សសត្វព្រៃ កំពុងតាមរកសត្វដំរីបង្កហេតុ ព្រោះក្រោយពីវាជាន់ក្មេងប្រុសឲ្យស្លាប់ ហើយដំរីនោះក៏បាត់ដែរតែគេជឿថា វាប្រាកដជាដើរចូល ក្នុងភូមិណាមួយមិនខាន ហើយទំនងមើលទៅដំរីនេះ អាចនឹងចុះប្រេងទើបវាស្ទុះ ទៅជាន់មនុស្សទាំងកំរោលបែបនេះ៕
បញ្ជាក់ ៖ រូបភាព ឯកសារ (រូបភាព តំណាង)
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី