CamNews

ព័ត៌មានអន្តរជាតិ 

អ្នកជំនាញ៖ ការលុបចោលកិច្ចព្រមព្រៀង TPP នឹងជួយឱ្យចិនពង្រីកឥទ្ធិពលកាន់តែខ្លំាងនៅអាស៊ី

(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានឱ្យដឹងថា រដ្ឋាភិបាលចិន កំពុងមានសង្ឃឹមលើលទ្ធផលដំបូង​នៅក្នុង កិច្ចចរចារ​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ដ៏ធំនៅអាស៊ី បន្ទាប់​ពីប្រធានាធិបតី​អាមេរិក ទើប​ជាប់ឆ្នោត លោក ដូណាល់ ត្រាំ ប្រកាសថា​នឹងលុបចោល​កិច្ចព្រមព្រៀងភាព​ជាដៃគូ អន្តរប៉ា​ស៊ីហ្វិកTPP ហើយ​ដែលការសម្រេច ចិត្តនេះ​ត្រូវបានក្រុមអ្នកជំនាញមួយចំនួនមើលឃើញថា នឹងជួយឱ្យចិនពង្រីកឥទ្ធិពលកាន់តែខ្លាំងនៅអាស៊ី។ នេះបើតាមការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅយប់ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្នុងសារវីដេអូខ្លីមួយ លោកត្រាំ បានសន្យាថានឹងលុប​ចោលកិច្ចព្រមព្រៀង​ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក TPP ដែលជាយុទ្ធសាស្ត្រសេដ្ឋកិច្ច​មួយរបស់លោក បារ៉ាក់ អូបាម៉ា ឆ្ពោះមកកាន់ទ្វីបអាស៊ី និងមាន១២ប្រទេសចូលរួម ដែលក្នុងនោះលើកលែង​តែប្រទេសចិន។ ចំណែកឯទីក្រុងប៉េកំាងវិញ ដើម្បីប្រកួត​ប្រជែងនឹង TPP បានគាំទ្រ​យ៉ាងខ្លំាង កិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ RCEP ដែលមាន១៦ប្រទេសចូលរួម ពោលគឺប្រទេសអាស៊ាន ទំាង១០ប្រទេស ព្រមទំាង ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ លើកលែងសហរដ្ឋអាមេរិក ។

មួយវិញទៀត ផ្អែកលើកិច្ចព្រមព្រៀង RCEP នេះឯង ទើបអ្នកជំនាញមួយចំនួនដូចជា លោក Bin Jiancheng ជាសាស្ត្រាចារ្យមកពី​សាកលវិទ្យាល័យ​ទីក្រុងសៀងហៃ យល់ថាការលុប​ចោល កិច្ចព្រមព្រៀង TPP នឹងផ្ដល់ឱកាសនិង ពេលវេលា ដល់ចិនដើម្បីពង្រីក ឥទ្ធិពលកាន់តែខ្លំាងនៅអាស៊ីតាមរយៈ ការប្រើប្រាស់ កិច្ចព្រមពៀងសេដ្ឋកិច្ច RCEP។ លោក  Jiancheng បន្ថែមថា គេពិបាកក្នុងការវាយតម្លៃណាស់ថាកិច្ចសហ ប្រតិបត្តិការចិន-សហរដ្ឋអាមេរិក នឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិង ពិភពលោក ​ដល់កំរិតណា ក៏ប៉ុន្តែគេដឹងច្បាស់ណាស់ថាការប្រឈមមុខដាក់គ្នារវាងមហាអំណាចទំាងពីរ នឹងបង្ករទៅជាគ្រោះមហន្តរាយ។  

គួរបញ្ជាក់ថា បើតាម លោក Bin Jiancheng បើទោះជាសហរដ្ឋអាមេរិកគ្មាន​កិច្ចព្រមព្រៀង TPP ក៏ទីក្រុង វ៉ាស៊ីនតោន អាចនឹងប្រើប្រាស់​មធ្យោបាយ ឬយន្តការផ្សេងទៀត ដើម្បីរក្សាតួនាទី​របស់ខ្លួននៅតំបន់អាស៊ី និង សមត្ថភាពបង្កើតកិច្ចព្រមព្រៀង​ពាណិជ្ជកម្មថ្មី ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

ប្រភព ៖ CNA


Tags: china Chemical Int news Hot news