កាលពីវេលាម៉ោងប្រមាណ១១អធ្រាត្រ ថ្ងៃទី១០មេសា២០១២ រថយន្ដកាមរីឆ្លាម១គ្រឿង
បានជ្រែកដងវិថីទៅបុក កន្លែងលក់សាំងដប និងបង្គោលភ្លើងដែក នៅលើកំណាត់ផ្លូវជាតិ
លេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ បណ្ដាលឲ្យបែកផ្កាភ្លើងឆាបឆេះ
សន្ធោសន្ធៅឡើងនិងរាលដាលឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋនៅអមផ្លូវនោះ៦ខ្នង។
តាមប្រភពព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ដំបូងឡើយ រថយន្ដកាមរីឆ្លាមបើកលឿនដូចព្យុះ
ធ្វើដំណើរចេញពីក្រុងតាខ្មៅក្នុងទិសដៅចូលរាជធានីភ្នំពេញ រេទៅឆ្វេង-ស្ដាំពេញផ្លូវ ពេលនោះ
បុកតូបអ្នកលក់សាំងដបតាមចិញ្ចើមផ្លូវ ប៉ើងដបសាំងបែកខ្ចាយ ហើយបន្តទៅបុកបង្គោលភ្លើង
ដែកដាច់ប៉ាត់រលំបាក់ដួលដល់ដីភ្លាមនោះកើតជាចំហេះឆាបឆេះរថយន្ដ និងរាលដាលទៅដល់
ផ្ទះប្រជាពលរដ្ឋដែលអមផ្លូវខាងស្ដាំដៃ គឺឆេះបន្តពីមួយទៅមួយរហូតដល់៦ខ្នង ទើបរលត់បន្ទាប់
ពីមានការបាញ់ទឹកបង្ក្រាបពីសមត្ថកិច្ចកងពន្លត់អគ្គិភ័យយ៉ាងខ្លាំងក្លាមិនឱ្យរាលដាលតទៅទៀត។
ក្នុងនោះឆេះទាំងស្រុង២ខ្នង។ ចំណែកអ្នកឃើញហេតុការណ៍ខ្លះទៀតបាននិយាយថា រថយន្ដកាមរី
ឆ្លាមនោះទំនងជាបើកគេចពីហ្វូងយុវជនស្ទាវប្រវាយប្រតប់ កាប់ចាក់គ្នា ព្រោះថាពេល រថយន្ដកំពុង
តែបើកលឿនដូចព្យុះ ស្រាប់តែវាក់នឹងហ្វូងយុវជនស្ទាវដែលប្រវាយប្រតប់គ្នាស្ទើរពេញផ្លូវ ទើបធ្វើឱ្យ
អ្នកបើករថយន្ដបង្ខំបួងចង្កូតគេចចេញជ្រុលទៅបុកតូបលក់សាំងដប និងឆាបឆេះបែបនេះ។
រថយន្តបង្កហេតុ
គេមិនទាន់អះអាងពីទំហំនៃការខូច ខាតទ្រព្យសម្បត្តិនៅឡើយទេ គ្រាន់តែបញ្ជាក់ថា មិនមានអ្នក
របួសឬស្លាប់ដោយសារអណ្ដាតភ្លើងឡើយ។ រីឯម្ចាស់របស់រថយន្តបង្កហេតុ បានបាត់ពីកន្លែងកើត
ហេតុ។