CamNews

កំសាន្ត 

លី ច័ន្ទសីហា ចេញទៅ អូស្ត្រាលី ចុងឆ្នាំ២០១៤

ភ្នំពេញៈ តារាទឹកភ្នែកពូកែ បញ្ចូលមនោសញ្ចេតនា កំសត់ព្រាត់ប្រាស កញ្ញា លី ច័ន្ទសីហា បន្ទាប់ពីប្រកាស ផ្អាកការងារ សម្តែងរឿងមួយរយៈមក ត្រូវបានម្ចាស់សាម៉ីខ្លួន បង្ហើបឲ្យដឹងថា នាងត្រូវបង្ខំចិត្តមិនទទួលការងារ ក្នុងស្រុកនោះ គឺដោយសារតែមានគម្រោង ត្រូវចេញទៅសម្តែង នៅក្រៅប្រទេស នៅចុងឆ្នាំឆាប់ៗ ខាងមុខនេះ ។

ជួបសម្ភាសន៍តាមរយៈទូរស័ព្ទ កាលពីពេលថ្មីៗនេះ តារាសម្តែងរូបស្រស់ កញ្ញា លី ច័ន្ទសីហា បានប្រាប់ឲ្យដឹងថា មួយរយៈពេលនេះ មានគេទាក់ទងការងារ មកច្រើន តែនាងមិនហ៊ានទទួលទេ ព្រោះថាពេលនេះ នាងកំពុងតែរវល់ ជាមួយការងាររកស៊ីផ្ទាល់ខ្លួន ។ ម្យ៉ាងវិញទៀត ពេលនេះកំពុងតែមានគម្រោង ចេញទៅក្រៅប្រទេស ដូច្នេះខ្លាចទទួលការងារ ធ្វើឲ្យប៉ះពាល់ ការត្រៀមខ្លួន ចេញទៅប្រទេសក្រៅរបស់នាង ។

លី ច័ន្ទសីហា បានប្រាប់ឲ្យដឹងទៀតថា "សម្រាប់ការចេញទៅសម្តែង នៅក្រៅប្រទេសនេះ គឺជាលើក២ ហើយ ក្នុងការចេញទៅសម្តែង នៅអូស្ត្រាលី ។ ខ្ញុំមានអារម្មណ៍ថាប្លែក ព្រោះកាលពី លើកទី១ ខ្ញុំចេញទៅកាលពី២ឆ្នាំមុន ដូច្នេះអាចនិយាយបានថា ខ្ញុំអាចមានបទពិសោធន៍ខ្លះ ក្នុងការត្រៀមខ្លួន ធ្វើយ៉ាងណាឲ្យល្អជាងលើកមុន.." ។

លី ច័ន្ទសីហា បានប្រាប់ឲ្យដឹងទៀតថា ការចេញទៅសម្តែងលើកនេះ គឺនាងធ្វើដំណើរទៅ នៅក្នុងខែធ្នូ រយៈពេល១ខែ តែសម្រាប់រឿងថា មានវត្តមាន តារាណាខ្លះ ចេញទៅជាមួយនោះ នាងនៅមិនទាន់ច្បាស់នៅឡើយទេ ព្រោះថា នាងក៏មិនដឹងដែរ គឺរង់ចាំ ចូលសម្ភាសន៍ និងគៀកថ្ងៃ ចេញដំណើរទើបដឹង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh