ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ គូសបញ្ជាក់អោយដឹងថា ជនសង្ស័យជីហាត ២ នាក់ ត្រូវ បានសម្លាប់ ក្នុងប្រតិបត្តិការ ប្រឆាំងភារវកម្ម នៅឯភាគខាងកើត ប្រទេស បែលហ្សិក ។ សេចក្តីរាយការណ៍ ពីទំព័រ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី ចុះផ្សាយបន្តអោយដឹងថា ព្រះរាជអាជ្ញា លោក Eric Van der Sypt អោយ ដឹងថា ជនសង្ស័យទី ៣ ត្រូវបានចាប់ឃាត់ខ្លួនបានសម្រេច នៅក្នុងទីក្រុង Verviers ស្រប ពេល ដែល គ្មានមន្រ្តីប៉ូលីស ណាមួយ ឬ សាធារណជនណាមួយ រងគ្រោះនោះទេ ។
ប្រភពពីព្រះរាជអាជ្ញាដដែលរូបនេះ បន្តអោយដឹងថា ប៉ូលីស បានកំណត់គោលដៅ ទៅ លើក្រុមជន សង្ស័យមួយនេះ ក្រោយពីវិលត្រលប់មកពីប្រទេស ស៊ីរីវិញនិងមានគម្រោងវាយប្រហារក្នុងទ្រង់ទ្រាយ ធំ ។ គួរបញ្ជាក់ថា ជនសង្ស័យ បានបើកការវាយប្រហារ បាញ់ បោះគ្រាប់ពិត មកលើប៉ូលីស ជាមួយ នឹងសព្វាវុធដ៏មានសក្តានុពល ។ មុនពេលដែលមានបទអន្តរាគមន៍ បង្ក្រាបក្រុមជនសង្ស័យទាំងនេះ បានសម្រេច ពួកគេបានបើកការវាយប្រហារ ទៅលើមន្រ្តីប៉ូលីស ពោល ទៅលើក្រុមកងកម្លាំងពិសេស នៃសហព័ន្ធប៉ូលីស ដោយបានប្រើកាំភ្លើងដៃ និង អាវុធយោធា ដ៏មានឥទ្ធិពលជាដើម ។
របាយការណ៍បញ្ជាក់ថា ប្រតិបត្តិការឆ្មក់ប្រឆាំងនឹងអំពើ ភារវកម្ម បានបន្តរយៈពេលពេញមួយយប់នៅ ក្នុងទីក្រុង Brussels និង តំបន់ជុំវិញ ។ ព្រឹកថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ សារព័ត៌មានក្នុងស្រុកចេញ ផ្សាយអោយដឹងថា ជនសង្ស័យ រដ្ឋអ៊ីស្លាមជ្រុលនិយម ២ រូប ត្រូវបានចាប់ ឃាត់ខ្លួន នៅជាយទីក្រុង Zaventem ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី