CamNews

យល់ដឹង 

ក្រុងសៀមរាប របស់កម្ពុជា ជាប់​ជាទី​ក្រុង​គោល​ដៅ ទេស​ចរណ៍ ចំណាត់​ថ្នាក់​លេខ​១ នៅ​តំបន់​អាស៊ី

ភ្នំពេញ៖ក្រុងសៀមរាប របស់ប្រទេសកម្ពុជា ពេលនេះ បានជាប់ចំណាត់ ថ្នាក់ជា ទីក្រុងគោលដៅទេសចរណ៍ លេខ១ នៅតំបន់អាស៊ី និង ជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោកក្នុងការវាយតម្លៃទីក្រុងទាក់ទាញនៅឆ្នាំ២០១៥នេះ ។

ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃ ដោយស្ថាប័ន TripAdvisor ជាភ្នាក់ងារប្រឹក្សាយោបល់ ក្នុងការធ្វើដំណើរទេសចរ នៅលើពិភពលោក ក្នុងនោះក្រុងសៀមរាប ត្រូវបានបោះឆ្នោត (តាមអនឡាញ) ជ្រើសរើសឱ្យជាប់ ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោម ទីក្រុងស្រស់ស្អាត ប្រកបដោយភាពទាក់ទាញ ចំនួន២៥ ខណៈដែល ទីក្រុង Marrakech របស់ ប្រទេស Morocco ទទួលបាន ចំណាត់ថ្នាក់លេខ១។ ក្រុង ISTANBUL របស់ប្រទេសតួកគី បានទទួលចំណាត់ ថ្នាក់លេខ៣ ខណៈដែលក្រុងហាណូយ របស់ប្រទេសវៀតណាម ទទួលបាន ចំណាត់ថ្នាក់លេខ៤ ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសាទរចំពោះលទ្ធផលនេះ។ លោកចាត់ទុកថា លទ្ធផលនេះ នឹងធ្វើឱ្យ កម្ពុជា ទទួលបានកំណើនភ្ញៀវទេសចរ កាន់តែច្រើនឡើងថែមទៀត ។

លោកបានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះថា «ឥឡូវ យើង បានលេខ១ នៅអាស៊ីហើយ បានលេខ២ នៅលើពិភពលោកហើយ ទាំងនេះ បានមកពីការខិតខំប្រឹងប្រែងរបស់ យើងទាំងអស់គ្នា ទាំងផ្នែកឯកជន និងផ្នែកសាធារណៈ ក្រោមការដឹកនាំរបស់សម្តេចតេជោ យើងត្រូវប្រឹងប្រែងតទៅ ទៀត ដើម្បីរក្សាជ័យលាភីនេះ ឱ្យបានព្រោះអាទិត្យក្រោយនេះ គេមកប្រកាស ជូនរង្វាន់ហើយ» ។

ចំណាត់ថ្នាក់នេះ ក៏ត្រូវបានវាយតម្លៃទៅលើ សណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្ម និងភាពស្រស់ស្អាតពណ៌បៃតង របស់ ក្រុងសៀមរាប ដែលធ្វើឱ្យទាក់ទាញដល់ភ្ញៀវទេសចរ ខ្លាំងជាងទីក្រុងដទៃ។ កាលពីឆ្នាំមុន ក្រុងសៀមរាប របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ នៅតំបន់អាស៊ី (បន្ទាប់ពីក្រុងក្យូតូ របស់ជប៉ុន) និង លេខ៤ នៅលើពិភពលោក ដែល ជាលទ្ធផលល្អប្រសើរ ជាងឆ្នាំ២០១៣ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Phnom Penh Cambodia Angkor Wat Siem Reap HMHDTV Cambodia Got Talent