(សុខភាព)៖ បញ្ហាសក់ជ្រុះតែងតែកើតមាន លើមនុស្សគ្រប់គ្នា គ្រាន់តែពេលខ្លះជ្រុះសក់តិច ហើយពេលខ្លះជ្រុះច្រើន ដែលអាចបណ្តាលមកពីការទទួលទាន សារជាតិចិញ្ចឹម មិនបានគ្រប់គ្រាន់ជាពិសេសសារជាតិ ដែលការពារមិនឲ្យសក់ជ្រុះ។ នៅពេលឃើញសក់ជ្រុះម្តងៗ អារម្មណ៍របស់យើង និងប្រែទៅជាមានការព្រួយបារម្ភភ្លាម
ហេតុនេះសូមសាកល្បង ទទួលទានកំពូលអាហារទាំង៥មុខ ដែលសម្បូរសារជាតិចិញ្ចឹមសក់ ការពារមិនឲ្យសក់ជ្រុះ។
១.ក្រុមអាហារសាច់ក្រហម៖
ពពួកក្រុមអាហារសាច់ក្រហម មានផ្ទុកទៅដោយជាតិដែកដែលជា សមាសធាតុចាំបាច់ក្នុងការថែបំប៉ន ឫសសក់ឲ្យមានសុខភាពរឹងមាំ ជួយឲ្យសារធាតុចិញ្ចឹមផ្សេងៗ ងាយស្រូបយកមកប្រើសម្រាប់បំពេញតម្រូវការ របស់រាងកាយ ហើយក៏ជួយឲ្យលំហូឈាមរត់ មកចិញ្ចឹមស្បែកក្បាលបានល្អដែរ។
២.ស៊ុត៖
សរសៃសក់របស់យើងបង្កើតឡើង ពីធាតុផ្សំដ៏សំខាន់ម្យ៉ាង គឺប្រូតេអ៊ីនខឺរ៉ាទីន ដូចនេះបើបានទទួលទានអាហារណា ដែលសម្បូរប្រូតេអ៊ីនប្រភេទនេះ នឹងអាចជួយបណ្តុះសក់ឲ្យឆាប់ដុះ និងការពារសក់ជ្រុះ។ ស៊ុតក៏ត្រូវបានចាត់ទុកជាអាហារ ដែលមិនត្រឹមតែសម្បូរប្រូតេអ៊ីនខឺរ៉ាទីនប៉ុណ្ណោះទេ វាថែមទាំងមានវីតាមីន B12 ដែលជួយពង្រឹងឫសសក់ ឲ្យមានសុខភាពល្អឡើងវិញ។
៣.អយស្ទ័រ៖
សារធាតុស័ង្កសី ដែលមាននៅក្នុងអយស្ទ័រ អាចជួយការពារស្បែកក្បាល មិនឲ្យឆាប់ស្ងួតដែលជាមូលហេតុចំបង ការពារសក់ជ្រុះ ហើយម្យ៉ាងវិញទៀតសមាសធាតុ ប្រូតេអ៊ីនចាំបាច់សម្រាប់យក ទៅផលិតផលសរសៃសក់ ក៏អាចទាញយកពីអយស្ទ័របានយ៉ាងងាយ។
៤.ត្រីសាល់ម៉ុន៖
សាច់ត្រីសាល់ម៉ុន មិនត្រឹមតែមានអាស៊ីដខ្លាញ់ អូមេហ្គា ៣ ប៉ុណ្ណោះទេវាក៏មានវីតាមីនDដែលជាសារធាតុចិញ្ចឹម ដ៏សំខាន់ដែលជួយការពារសក់ មិនឲ្យជ្រុះ។
លើសពីនេះត្រីសាល់ម៉ុន ក៏សម្បូរវីតាមីន B១២ និងជាតិដែកសម្រាប់ថែបំប៉នសរសៃសក់ឲ្យរឹងមាំផងដែរ។
៥.សណ្តែកបណ្តុះ៖
នៅក្នុងសណ្តែកបណ្តុះ មានផ្ទុកសារជាតិចិញ្ចឹមស៊ីលីកា ដែលមានតួនាទីជួយការពារសក់ មិនឲ្យជ្រុះ។ ជាងនេះទៅទៀតប្រព័ន្ធរាងកាយរបស់យើង បានប្រើស៊ីលីកា ដើម្បីស្រូបយកវីតាមីន និងជាតិរ៉ែ ព្រមទាំងជួយជំរុញឲ្យដំណើរការបំលែង យកវីតាមីនមកប្រើមានភាពងាយស្រួល៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង