ព័ត៌មានអន្តរជាតិ ៖ រថយន្តប៊ើសដឹកសិស្សមួយគ្រឿង បើតាមសេចក្តីរាយការណ៍ អះអាងអោយ ដឹងថា បានបើករអិលធ្លាក់ផ្លូវ និង បន្តធ្លាក់ចូលទៅក្នុងព្រែកជីកមួយកន្លែង ភាគនិរតី ប្រទេស បង់ក្លាដេស កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ កន្លងទៅនេះ យ៉ាងហោចណាស់ បានសម្លាប់ក្មេងៗ តូចៗដល់ទៅ ៧ នាក់ ខណៈជាច្រើននាក់ផ្សេងទៀត បានទទួលរងរបួស នេះបើយោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស៊ីអិនអិន ។
បញ្ជាក់ ៖ រូបខាងលើនេះ គ្រាន់តែជារូបភាព ឯកសារតែប៉ុណ្ណោះ
លោក Joydev Khadra ជាមន្រ្តីប៉ូលីសជាន់ខ្ពស់ ប្រចាំតំបន់ បានអះអាងបន្តអោយដឹងថា ក្មេង តូចៗ ដែលត្រូវជាជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ទាំង ៧ នាក់នោះ ពួកគេទាំងអស់គ្នាមាន អាយុចន្លោះពី ៦ ទៅ ១២ ឆ្នាំ ។ ដោយឡែក លោក Joydev Kumar Bhadra ជាមន្រ្តីប៉ូលីសផ្លូវ ការម្នាក់ផ្សេងទៀត បានផ្តល់ជាកិច្ចសម្ភាសន៍ អោយដឹងថា ក្មេងៗ ១១ នាក់ផ្សេងទៀត ដែល ទទួលរងរបួសធ្ងន់នោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាន់ នៅឯ មន្ទីរពេទ្យ យោធា មួយកន្លែង ដែលមានទីតាំង នៅក្បែរនោះ ។
គួរបញ្ជាក់ផងដែរថា រថយន្តប៊ើស ខាងលើ គឺជារថយន្តមួយគ្រឿង ក្នុងចំណោម រថយន្តប៊ើស ទាំង ៣ គ្រឿង ដែលបានដឹក ក្រុមសិស្សសាលាតូចៗ ទៅរៀន នៅឯបឋមសិក្សាមួយកន្លែង ជិតកន្លែងកើតហេតុ ។ លោក Sheikh Hasina ជានាយករដ្ឋមន្រ្តី របស់ប្រទេស បង់ក្លាដេស បានចេញបញ្ជា អោយមានការតាមដាន ស៊ើបអង្កេត ជាបន្ទាន់ ក្នុងការកំណត់អោយបានពីមូល ហេតុដែលនាំអោយ មានគ្រោះថ្នាក់ លើកនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន