សវនាការទាក់ទិននឹងរឿងក្ដីរវាង Selena Gomez និងក្រុមហ៊ុនផលិតទឹកអប់ Adrenalina បានត្រូវលុបចោល ដោយតុលាការ Los Angeles ។ ប៉ុន្ដែ ករណីនេះ ត្រូវបានគេយល់ថានឹងត្រូវបញ្ចប់ដោយ Selena Gomez ត្រូវខាតបង់ប្រាក់ រាប់លានដុល្លារអាមេរិក។
កំពូលតារាចម្រៀងស្រីស្រស់រូបស្អាត អាយុ ២០ឆ្នាំ Selena Gomez ត្រូវបានក្រុមហ៊ុន Adrenalina ដែលមានទីស្នាក់ការធំនៅ Florida ដាក់ពាក់ពាក្យប្ដឹង កាលពីខែឧសភា កន្លងទៅ ដោយពួកគេបានចោទថា នាងបានធ្វើឱ្យខាតបង់ប្រាក់រាប់លានដុល្លារអាមេរិក ក្នុងគម្រោងផលិតស្រឡាយទឹកអប់ថ្មី ដែលមានឈ្មោះថា Selena ។ ជាក់ស្ដែង ក្រុមហ៊ុននេះ បានចំណាយប្រាក់ ២លានដុល្លារសម្រាប់ប្រព័ន្ធផលិត និងផ្សាយពាណិជ្ជកម្ម។ ចំណែក Selena ក៏បានយល់ព្រមធ្វើជាអ្នកតំណាងរបស់ផលិតផលនេះ នាឆ្នាំ ២០១១ ។
បច្ចុប្បន្ន ក្រុមហ៊ុននេះ បានផ្អាកដំណើរការ ហើយបានចោទប្រកាន់ថា Selena មិនបានគោរពទៅតាមកិច្ចសន្យាក្នុងការឃោសនាផលិតផលនេះ។ នាងបានបដិសេធ ការអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍នានានៅ Macy, Miami ក៏ដូចជាដំណើឃោសនានៅ Mexico ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺថា អ្នកគ្រប់គ្រង និង Selena បានផ្ញើលិខិតមួយច្បាប់ឱ្យដឹងថា Selena នឹងបញ្ចប់កិច្ចសន្យានេះ ក្នុងរយៈពេល ៣០ថ្ងៃ។ ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានធ្វើឱ្យមានការខាតបង់បន្ទាប់នោះ។ ក្រុមហ៊ុន Victory International ក៏បានស្នើឱ្យ Selena បង់ប្រាក់សំណង ១,២លានដុល្លារ ដោយសារតែពួកគេក៏បានសហការណ៍វិនិយោគជាមួយ Selena ។
ភាគីខាង Selena បានទាត់ចោលនូវព័ត៌មាននេះ និងបានអះអាងថា នាងបានដកខ្លួនពីកិច្ចសន្យានេះ គឺព្រោះតែក្រុមហ៊ុន Adrenalina បានជំពាក់ប្រាក់នាង ដល់ទៅ ៥,២លានដុល្លារ និងមិនបានទូទាត់សងដល់នាង។ ក្រុមហ៊ុន Adrenalina មុននេះ បានចុះកិច្ចសន្យាថានឹងផ្ដល់ប្រាក់ឱ្យ Selena ចំនួន ៥% នៃប្រាក់ចំណូលបានមកពីការលក់ទឹកអប់ដែលមានឈ្មោះនាង ហើយទឹកប្រាក់នោះ បានកើនដល់ ៥,២លានដុល្លារអាមេរិក។
ប្រភពពីទំព័រ TMZ ឱ្យដឹងថា Selena នឹងប្ដឹងប្រឆាំងតបទៅនឹងក្រុមហ៊ុន Adrenalina វិញ ដោយនឹងចោទក្រុមហ៊ុននេះថា បានកិបកេងប្រាក់របស់នាង។ ប៉ុន្ដែ បើទោះជាចុងបញ្ចប់ តុលាការសម្រេចបែបណាក្ដី Selena ក៏នៅតែត្រូវចំណាយប្រាក់រាប់លានដុល្លារ ដើម្បីឡើងតុលាការ។
ដោយ ៖ តារា
ប្រភព ៖ TMZ/Dailymail