CamNews

ស្ពានយោលវែងបំផុតរបស់ ឥណ្ដូនេស៊ី បាក់ធ្លាក់ចូលទឹក ស្ទើរតែទាំងស្រុង

ហេតុការណ៍បាក់ស្ពាននេះ បានកើតឡើងកាលពីថ្ងៃទី ២៧ វិច្ឆិកា កន្លងទៅ នៅក្នុងខេត្ត
Kalimantan ខាងត្បូង នៅលើកោះ Borneo របស់ ឥណ្ដូនេស៊ី បណ្ដាលឱ្យមានមនុស្សស្លាប់
យ៉ាងតិច ៤នាក់និងមនុស្សរាប់សិបនាក់ត្រូវរងរបួស។

ស្ពានយោលដែលមានឈ្មោះថា Kutai Kartanegara នេះ ត្រូវបានគេសាងសង់ដើម្បីឆ្លងកាត់
ទន្លេ Mahakam ដោយស្ពាននេះ មានប្រវែងវែងជាងគេបំផុតនៅក្នុងប្រទេស ឥណ្ដូនេស៊ី។
សាក្សីជាច្រើននៅកន្លែងកើតហេតុ បានឱ្យដឹងថា ពួកគេបានឮសម្លេងលាន់ខ្លាំងខណៈពេល
ស្ពាននេះកោង ក្រោយមក ផ្ទៃលើរបស់ស្ពានក៏ត្រូវលិចចូលទៅក្នុងទន្លេ។

នៅក្នុងពេលស្ពានកំពុងបាក់ គេឃើញមានរថយន្ដដឹងអ្នកដំណើរមួយគ្រឿង រួមជាមួយនឹង
រថយន្ដតូចៗ និងម៉ូតូ ជាច្រើនគ្រឿងកំពុងធ្វើដំណើរនៅលើស្ពានដែលមានប្រវែង ៧២០ម៉ែត្រ
នេះ។ ជនរងគ្រោះដែលនៅមានជីវិតក្រោយហេតុការណ៍បាក់ស្ពាន និងបានធ្លាក់ចុះទន្លេ បាន
ខំប្រឹងហែលរកច្រាំង។ សម្លេងស្រែកលាន់មាត់ប្រកបដោយភាពភ័យខ្លាច បានឮកងរំពង
ទិសទី។ ជនរងគ្រោះជាច្រើននាក់ បានជាប់គាំងនៅក្នុងគំនរបាក់បែករបស់ស្ពាននៅក្រោម
ទឹកទន្លេ។

គួរបញ្ជាក់ថា ស្ពានយោងនេះត្រូវបានសាងសង់ឡើងទៅតាមគំរូរចនារបស់ស្ពាន Golden
Gate Bridge នៅ San Francisco ប្រទេស អាមេរិក។

ស្ពានដែលបានបាក់នេះ តភ្ជាប់ពីទីរួមស្រុក Tenggarong និង Samarinda នៃខេត្ត Kalimantan
ខាងត្បូង។

នគរបានប្រទេស ឥណ្ដូនេស៊ី បានធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ជនរងគ្រោះ ៣៩នាក់
ត្រូវបានជួយសង្គ្រោះទាន់ពេល ក្នុងចំណោមនោះ មាន ២០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរ
ពេទ្យ។ ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍បាក់ស្ពាននេះ មានចំនួន ៤នាក់ ក្នុង
នោះមានក្មេងអាយុ ៦ឆ្នាំម្នាក់ផងដែរ។

ក្រុមមន្ត្រីនៃប្រទេស​ ឥណ្ដូនេស៊ី បាននិយាយថា ក្រុមអ្នកជួសជុសមួយក្រុមត្រូវបានអនុញ្ញាត
ឱ្យរឹតខ្ចៅរបស់ស្ពានដែលមានអាយុ ១០ ឆ្នាំនេះឡើងវិញ កាលពីថ្ងៃទី ២៦ វិច្ឆិកា។

ក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើការត្រួតពិនិត្យមើលនៅកន្លែងកើតហេតុបាក់ស្ពាន Kutai
Kartanegara។ ប្រធានាធិបតិរបស់ ឥណ្ដូនេស៊ី លោក Susilo Bambang Yudhoyono បាន
ស្នើឱ្យមានការស៊ើបអង្កេតលើបញ្ហានេះ។

លោក Sutopo Purwo Nugroho អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្ដរាយជនបទ
បានឱ្យដឹងថា ខ្សែកាបជំនួយមួយខ្សែបានដាច់ នេះអាចជាមូលហេតុដែលនាំឱ្យស្ពានបាក់។

ក្រុមអ្នកជួយសង្គ្រោះ នៅតែបន្ដការរុករកជនរងគ្រោះដែលនៅមានជីវិតក្នុងហេតុការណនេះ
បើទោះជាពួកគេមានសង្ឃឹមតិចតួចក៏ដោយ។



ស្ពាន Kutai Kartanegara កាលមិនទាន់បាក់

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP/AP

Tags: newsbridgeindonesiainternational newslongestsuspensionkalimantan