CamNews

រូស្ស៊ីប្រគល់កាំជ្រួចរយចម្ងាយឆ្ងាយទៅអោយ ស៊ីរី

ប្រទេសរូស្ស៊ីបានប្រគល់កាំជ្រួចឆ្ងាយ ដែលមានល្បឿនលឿនទៅអោយប្រទេស ស៊ីរី ដោយ
មិនអើពើចំពោះអំពើហឹង្សាដែលកំពុងកើតមាននៅក្នុងប្រទេសនេះ និងការប្រត្តិកម្មខ្លាំងពី
ប្រទេស អ៊ីស្រាអែល។


សារព័ត៌មាន Interfax របស់ រូស្ស៊ី បានចុះផ្សាយព័ត៌មានខាងលើដែលបានដកស្រង់ពីប្រភព
ព័ត៌មានយោធាមួយ។

Interfax បានអោយដឹងថា ៖ "កាំជ្រួចរយៈចម្ងាយឆ្ងាយប្រឆាំងនាវាចម្បាំង Yakhont ត្រូវបាន
ប្រគល់ទៅអោយប្រទេសស៊ីរី។" ប៉ុន្ដែសារព័ត៌មាននេះមិនបាននិយាយលំអិតអំពីពេលវេលា
ជាក់លាក់ណាមួយក្នុងការប្រគល់កាំជ្រួចនេះទេ។

គួររំឮកថា ប្រទេសរូស្ស៊ី សម្រេចបានកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៣០០ លានដុល្លារ
កាលពីឆ្នាំ​ ២០០៧ ដើម្បីផ្ដល់កាំជ្រួចរយៈចម្ងាយឆ្ងាយទៅអោយប្រទេសស៊ីរី ដែលជាប្រទេស
សម្ព័ន្ធមិត្តតាំងពីដើមរបស់ខ្លួន។

ប្រភពខាងលើបានអោយដឹងដែរថា ប្រទេសរូស្ស៊ីក៏គ្រោងនឹងប្រគល់កាំជ្រួចចំនួន ៧២ដើម
ទៅអោយស៊ីរីក្នុងពេលជាមួយគ្នានេះ។

កិច្ចព្រមព្រៀងខាងលើ បានធ្វើអោយប្រទេស អ៊ីស្រាអែលមានការមិនពេញចិត្ត ដោយសារ
ព្រួយបារម្ភថា កាំជ្រួចទាំងនោះអាចធ្លាក់ទៅលើដៃក្រុមចលនា Hezbollah នៅក្នុងប្រទេស
លីបង់ ព្រោះថា Hezbollah ត្រូវបាន អាមេរិក និងអ៊ីស្រាអែលដាក់ចូលទៅក្នុងបញ្ជីនៃក្រុម
ភេរវកម្មពិភពលោក។

ប្រទេសរូស្ស៊ីត្រូវទទួលរងសម្ពាធកាន់តែខ្លាំងឡើងពីអាមេរិក ដោយសារប្រទេស អាមេរិក ចង់
អោយមានការលុបចោលនូវកិច្ចព្រមព្រៀងផ្ដល់អាវុធនានាទៅអោយរដ្ឋាភិបាល ស៊ីរី របស់
លោក Bashar al-Assad មូលហេតុគឺដោយសាររដ្ឋាភិបាលនៃប្រទេសនេះបានធ្វើការបង្ក្រាប
និងសម្លាប់យ៉ាងឃោឃៅទៅលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។

ប៉ុន្ដែក្រុង Moscow បានការពារប្រធានាធិបតិ Assad នៅចំពោះសម្ពាធពីពិភពលោក ដោយ
ថ្លែងថា ការលក់អាវុធនេះគឺស្របតាមច្បាប់អន្ដរជាតិ សកម្មភាពនេះនឹងនៅតែបន្ដ។

មន្ដ្រីម្នាក់របស់រូស្ស៊ី បាននិយាយប្រាប់ទំព័រ Interfax ថា កាំជ្រួចទាំងនោះនឹងបំរើដាក់អោយ
ស្ថិតក្នុងប្រព័ន្ធការពារ Bastion នៅក្នុងតាមឆ្នេរសមុទ្រ ។ វានឹងអាចជួយការពារប្រទេស ស៊ីរី ពីការវាយប្រហារពីសមុទ្រ។

ប្រព័ន្ធនិមួយៗរបស់ Bastion នឹងត្រូវបានបំពាក់ដោយកាំជ្រួចរយៈចម្ងាយវែងចំនួន ៣៦ដើម
រួមជាមួយរ៉ាដា ដាក់នៅលើរថយន្ដធំៗ និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀត។

រហូតមកទល់នឹងពេលនេះ គេមិនទាន់ដឹងច្បាស់ថា រូស្ស៊ីបានប្រគល់កាំជ្រួចប៉ុន្មានដើមទៅ
អោយប្រទេស ស៊ីរី នៅឡើយ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP


Tags: newsrussiansyriainternational newsrussiawar