CamNews

មេដឹកនាំកូរ៉េខាងជើងទទួលមរណភាព

លោក Kim Jong-il មេដឹកនាំកូរ៉េខាងជើង បានទទួលមរណភាពកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ
២០១១ នៅក្រុង Pyongyang ប្រទេសកូរ៉េខាងជើង បុណ្យសពរបស់មេដឹកនាំនេះ នឹងត្រូវ
បានគេធ្វើឡើងក្នុងរយៈពេល ១២ថ្ងៃ។



AFP ដកស្រង់ប្រភពព័ត៌មាន KCNA របស់កូរ៉េខាងជើងដែលបានចេញផ្សាយថា លោក Kim
Jong-il បានទទួលមរណភាពនៅក្នុងអាយុ ៦៩ឆ្នាំ នៅវេលាម៉ោង ៨ និង ៣០នាទីព្រឹក(ម៉ោង
ក្នុងស្រុក)ថ្ងៃទី១៧ ខែធ្នូ កន្លងទៅ។

យោងតាមប្រភពព័ត៌មានពី KCNA មេដឹកនាំផ្ដាច់ការនៃប្រទេសកូរ៉េខាងជើង លោក Kim Jong
-il បានបាត់បង់ជីវិតដោយសារបេះដូងរបស់លោកធ្វើទុក្ខយ៉ាងខ្លាំង ខណៈពេលដែលលោក
កំពុងធ្វើទស្សនកិច្ចត្រួតពិនិត្យមួយនៅខាងក្រៅរដ្ឋធានី Pyongyang ។

ទំព័រសារព័ត៌មានYonhap របស់កូរ៉េខាងត្បូងបានផ្សាយថា កងទ័ពនៃប្រទេសនេះ ត្រូវបាន
គេបញ្ជាអោយស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្ន នៅពេលបានឮដំណឹងថា លោក Kim
Jong-il បានទទួលមរណភាព។

ចំណែកផ្សារភាគហ៊ុននៅអាស៊ីក៏បានថយចុះ បន្ទាប់ពីលោក Kim Jong-il បានបាត់បង់ជីវិត
ដោយសារតែមានការព្រួយបារម្ភថា អាចនឹងមានអស្ថេរភាពកើតឡើងនៅឧបទ្វិបកូរ៉េ។

លោក Kim ត្រូវបានគេជឿថា កាលពីឆ្នាំ ២០០៨ លោកបានទទួលការឈឺចាប់យ៉ាងខ្លាំងពី
ជម្ងឺបេះដូង ប៉ុន្ដែលោកបានបង្ហាញភាពរឹងមាំនៅពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន និង
ប្រទេស រូស្ស៊ី ក៏ដូចជាដំណើរត្រួតពិនិត្យនៅពាសពេញផ្ទៃប្រទេសរបស់ខ្លួន។ Kim Jong-il
ត្រូវបានគេដឹងថា បានកើតជម្ងឺទឹកនោមផ្អែម និងជម្ងឺបេះដូង។

គួររំឮកថា លោក Kim Jong-il បានឡើងកាន់កាប់អំណាចនៅ សាធារណរដ្ឋប្រជាមានិត្ត ប្រជា
ធិបតេយ្យកូរ៉េ (Democratic People's Republic of Korea) តាំងពីឆ្នាំ ១៩៩៤ ក្រោយពីឪពុក
របស់លោក គឺលោក Kim il Sung បានបាត់បង់ជីវិត។

កាលពីខែកញ្ញា ឆ្នាំ ២០១០ Kim Jong-un ដែលជាកូនប្រុសពៅរបស់លោក Kim Jong-il បាន
បង្ហាញខ្លួននៅក្នុងឆាកនយោបាយនៃប្រទេសនេះ ហើយត្រូវបានតែងតាំងឋានៈស្មើនឹងផ្កាយ
មួស ៤ ព្រមទាំងបានកាន់កាប់តំណែងសំខាន់នៅក្នុងបក្ស ពលករ និងកងទ័ព។


ប្រធានរដ្ឋនៃប្រទេសកូរ៉េខាងជើងលោក Kim Jong-il និងកូនប្រុសពៅ Kim Jong-un អ្នកដែលត្រូវបានគេជឿថា នឹងឡើងដឹកនាំប្រទេសក្នុងពេលអនាគត។

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP

Tags: international news