CamNews

ប្រតិកម្មនៃបណ្ដាប្រទេសចំពោះមរណភាពរបស់ លោក Kim Jong il

ក្រសួងការពារជាតិ កូរ៉េខាងត្បូង ដាក់កងទ័ពអោយស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន
ខ្ពស់ ចំណែកនាយករដ្ឋមន្ដ្រីជប៉ុន ក៏បានកោះប្រជុំរដ្ឋមន្ដ្រីសំខាន់ៗជាបន្ទាន់​​នៅពេលបាន
ទទួលដំណឹងថា លោក Kim Jong il ទទួលមរណភាព។

បន្ទាប់ពី សារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានប្រកាសថា លោក Kim Jong-il បាន
ទទួលមរណភាព ប្រធានាធិបតិ កូរ៉េខាងត្បូង លោក Lee Myung-bak បានកោះប្រជុំ
គណកម្មធិការសន្ដិសុខជាតិ និងបានលុបចោលរាល់គម្រោងការពីមុនមក ហើយកងទ័ព
នៃប្រទេសនេះក៏ត្រូវបានដាក់អោយស្ថិតក្នុងស្ថានភាពប្រកាសអាសន្នកម្រិតខ្ពស់ផងដែរ។

ប៉ុន្មាននាទីបន្ទាប់ពីទូរទស្សន៍ជាតិរបស់កូរ៉េខាងជើង ប្រកាសពីមរណភាពរបស់លោក Kim
ភ្លាមនោះ នាយករដ្ឋមន្ដ្រីជប៉ុន លោក Yoshihiko Noda បានលុបចោលការថ្លែងសុន្ទរកថា
មួយ រួចបានប្រញាប់ទៅកាន់ការិយាល័យរបស់លោក ដើម្បីប្រជុំជាមួយរដ្ឋមន្ដ្រីសំខាន់ៗ
នៅក្នុងរដ្ឋាភិបាល នេះបើតាមសេចក្ដីរាយការណ៍របស់ AFP ។

លោក Noda បានថ្លែងថា ៖ "ខ្ញុំបានទទួលដំណឹងថា ប្រធានរដ្ឋនៃប្រទេសកូរ៉េខាងជើងបាន
ទទួលមរណភាព ហើយខ្ញុំក៏បានស្នើអោយមានការបញ្ជាក់ពីព័ត៌មាននេះ។ ជប៉ុននឹងសហ
ការណ៍ជាមួយអាមេរិក ចិន និងកូរ៉េខាងត្បូង ដើម្បីត្រៀមនូវជំហានដ៏សមស្របជាមួយនឹង
ការប្រែប្រួលនៅប្រទេសកូរ៉េខាងជើង"។

លោក Yasuo Ichikawa រដ្ឋមន្ដ្រីការពារជាតិនៃប្រទេស ជប៉ុន បានប្រកាសថា ក្រុង Tokyo
មិនទាន់រកឃើញឥរិយាបទមិនប្រក្រតិណាមួយពីភាគីកងទ័ពកូរ៉េខាងជើងនោះទេ។

លោក Martin Nesirky អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបានមានប្រសាសន៍ថា ៖
"​អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានដឹងពីព័ត៌មាននេះរួចហើយ ប៉ុន្ដែយើងមិន
ទាន់បញ្ចេញប្រតិកម្មជាផ្លូវការណាមួយនៅឡើយ"។

អង្គការសហប្រជាជាតិបានព្យាយាមបង្កើតមូលនិធិជំនួយផ្នែកស្បៀងអាហារមួយ ដល់កូរ៉េ
ខាងជើង ដោយបានអំពាវនាវអោយប្រទេសទាំងឡាយផ្ទល់ជំនួយ ២១៨លានដុល្លារសម្រាប់
មូលនិធិ ប៉ុន្ដែរហូតមកទល់នឹងពេលនេះ គេទើបទទួលបានតែ ២០%ប៉ុណ្ណោះ។

រដ្ឋាភិបាលអាមេរិក កំពុងធ្វើការតាមដានព័ត៌មានស្ដីពីមរណភាពរបស់ប្រធានរដ្ឋនៃប្រទេស
កូរ៉េខាងជើងនេះ។ សេតវិមានបានសន្យាថា នឹងខិតខំប្រឹងប្រែងដើម្បីរក្សាស្ថេរភាពនៅក្នុង
ឧបទ្វីបកូរ៉េ និងធានានូវសុវត្ថិភាពសម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។

លោក Jay Carney អ្នកនាំពាក្យរបស់សេតវិមានថ្លែងថា ៖ "ប្រធានាធិបតិអាមេរិក ត្រូវបាន
រាយការណ៍ប្រាប់ពីមរណភាពរបស់លោក Kim Jong-il រួចហើយ ។ ពេលនេះយើងកំពុង
ទាក់ទងជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់យើង គឺប្រទេសជប៉ុន និងកូរ៉េខាងត្បូង" ។

ក្រសួងការបរទេសអាមេរិក ទទួលស្គាល់ថា លោកស្រី Hillary Clinton រដ្ឋមន្ដ្រីការបរទេស
អាមេរិក បានជ្រាបពីព័ត៌មាន លោក Kim Jong-il បានទទួលមរណភាព ប៉ុន្ដែក្រុមមន្ដ្រីបាន
បដិសេធក្នុងការពិភាក្សាអំពីការបញ្ចេញប្រតិកម្មរបស់អាមេរិក​ ចំពោះបញ្ហានេះ ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP

Tags: koreainternational newskim jong il