CamNews

ចិន បដិសេធព័ត៌មានថា ខ្លួនបានបញ្ជូនទ័ពទៅកាន់​ កូរ៉េខាងជើង

អ្នកនាំពាក្យនៃក្រសួងការពារជាតិចិន បានបដិសេធចំពោះសារព័ត៌មានអន្ដរជាតិ ដែលបាន
ផ្សាយថា ប្រទេសចិនបានបញ្ជូនទ័ពទៅកាន់កូរ៉េខាងជើង។



កាលពីថ្ងៃទី ២៨ខែធ្នូ មន្ដ្រីនាំពាក្យនៃក្រសួងការពារប្រទេសចិន បានធ្វើការបដិសេធចំពោះ
សារព័ត៌មានអន្ដរជាតិ ដែលមុននេះបានចេញផ្សាយថា ក្រុងប៉េកាំងបានបញ្ជូនទ័ពរបស់ខ្លួន
ទៅកាន់ប្រទេសកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មានចិន Xinhua ដកស្រង់សំដីអ្នកនាំពាក្យ Yang Yujun បានអោយដឹងថា
ព័ត៌មានដែលបាននិយាយថា កងទ័ពចិនត្រូវបានបញ្ជូនទៅកាន់ទឹកដីកូរ៉េខាងជើង តាមការ
ស្នើរបស់ប្រទេសនេះ ក្នុងបំណងជួយរក្សាស្ថេរភាពក្នុងប្រទេស នោះគឺជាព័ត៌មានមួយដែល
មិនមានមូលដ្ឋាន។

ពិធីដង្ហែសពលោកប្រធានរដ្ឋ Kim Jong Il

គេបានដឹងថា នៅក្នុងថ្ងៃទី ២៨ ខែធ្នូ មនុស្សរាប់ម៉ឺននាក់នៅក្នុងក្រុង Pyongyang បានចេញ
មកឈរនៅតាមដងផ្លូវ និងទីលាន Kim Il Sung ដើម្បីចូលរួមពិធីដង្ហែសពលោកប្រធានរដ្ឋ
Kim Jong Il ដែលបានទទួលមរណភាពដោយសារជម្ងឺបេះដូងកាលពីថ្ងៃទី ១៧ធ្នូ នៅលើរថ
ភ្លើងមួយខ្សែ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមស៊ើបការណ៍សម្ងាត់របស់អាមេរិក និងកូរ៉េខាងត្បូងជឿថា
លោក Kim Jong Il មិនបានស្លាប់នៅក្នុងថ្ងៃទី ១៧ ខែធ្នូ ដូចដែលទីភ្នាក់ងារសារព័ត៌មានផ្លូវ
ការរបស់កូរ៉េខាងជើងបានចេញផ្សាយនោះទេ ប៉ុន្ដែលោក Kim Jong Il បានទទួលមរណភាព
នៅក្នុងវិមានដោយឡែករបស់ខ្លួន នៅមុននោះ ២ថ្ងៃ ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Rian

Tags: international newskim jong ilchian