CamNews

សុខភាព 

ចំណុចសំខាន់ទាំងនេះ ស្រ្តីមានផ្ទៃពោះគួរតែយល់ដឹង

ទឹកដោះម្តាយ គឺជារបបអាហារដ៏ល្អ និងសំខាន់បំផុតរបស់ទារក។ ក្រៅពីនេះ ការបំបៅកូនដោយទឹកដោះវាក៏ដើរតួយ៉ាងសំខាន់ក្នុងការជំរុញសុខភាពរបស់ម្ដាយតាមរយៈការបំបាត់ភាពតានតឹង និងជួយឲ្យមានការធូរស្រាលផងដែរ។ យើងខ្ញុំ នឹងសូមណែនាំមិត្តអ្នកអាន ជាពិសេសមិត្តនារីដែលកំពុងមានផ្ទៃពោះ អំពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះដល់លោកអ្នកឲ្យកាន់តែច្បាស់ដូចខាងក្រោម។

១. អត្ថប្រយោជន៍លើសពីការស្មាន៖ ក្រៅពីបំពេញនូវតម្រូវការវីតាមីន និងសារធាតុចិញ្ចឹមទាំងអស់សម្រាប់ទារកក្នុងអំឡុងពេល ៦ ខែដំបូងនៃជីវិតរបស់ពួកគេ ទឹកដោះម្តាយផ្ទុកនូវសារធាតុប្រយុទ្ធប្រឆាំងនឹងជំងឺដែលអាចការពារកូនរបស់អ្នកពីជំងឺ។ ក្រៅពីនេះ មានការសិក្សាជាច្រើនបង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយអាចមានសុខភាពល្អសម្រាប់សុខភាពម្ដាយផងដែរ។


២. ការពារកុមារពីជំងឺ៖ មានការសិក្សាជាច្រើន បង្ហាញថាជំងឺជាច្រើនដូចជា មេរោគក្រពះ ជំងឺផ្លូវដង្ហើម ការបង្កររោគក្នុងត្រចៀក និងជំងឺរលាកស្រោមខួរ វាបង្កររោគតិចតួចបំផុតចំពោះទារកដែលបានបំបៅដោយទឹកដោះម្តាយ។ អ្វីដែលល្អជាងនេះទៀតនោះគឺ ការបំបៅកូនដោយទឹកដោះម្តាយឲ្យគ្រប់ ៦ខែដំបូងនៃជីវិតរបស់កុមារ វាអាចផ្តល់នូវការការពារប្រឆាំងនឹងជំងឺដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី ១ និងទី ២ បញ្ហាកម្រិតកូឡេស្តេរ៉ុលខ្ពស់ និងជំងឺពោះវៀនធំថែមទៀតផង។


៣. ការពារកុមារពីការវិវត្តទៅរកបញ្ហាអាឡែស៊ី (Allergy)៖ កុមារដែលទទួលទានទឹកដោះដែលចម្រាញ់ពីសត្វគោ ឬសណ្តែក វានឹងអាចមានប្រតិកម្មធ្វើឲ្យអាឡែស៊ីច្រើនជាងទារកដែលបំបៅដោះដោយទឹកដោះម្តាយ ដោយវាមានផ្ទុកនូវសសារធាតុផ្ស៉ាំដូចជា IgA ដែលការពារពោះវៀនរបស់ទារកពីការអាឡែស៊ីជាមួយអាហារតាមរយៈការបង្កើតស្រទាប់ការពារនៅលើពោះវៀន។ នៅពេលដែលគ្មានស្រទាប់ការពារនេះ ពោះវៀនរបស់ទារកងាយនឹងរលាករហូតដល់អាចធ្លាយជញ្ជាំងពោះវៀន។


៤. ជួយបង្កើនការយល់ដឹងរបស់ទារក៖ មានការស្រាវជ្រាវជាច្រើន បានបង្ហាញទឹកដោះម្តាយមានសារៈសំខាន់ដល់ការអភិវឌ្ឍន៍ការយល់ដឹង/IQ ដល់ខួរក្បាលរបស់ទារកជាខ្លាំង។


៥. ជួយការពារកុមារកុំឲ្យធាត់៖ ការបំបៅកូនដោយទឹកដោះម្តាយ អាចបន្ថយហានិភ័យនៃការលើសទម្ងន់ ឬធាត់ពេលក្មេងលូតលាស់ធំទៅ។


៦. កាត់បន្ថយហានិភ័យនៃជំងឺទារកស្លាប់តន់ហន់៖ ការស្រាវជ្រាវរបស់អាឡឺម៉ង់ បានបង្ហាញថាការបំបៅកូនដោយទឹកដោះម្តាយសុទ្ធ ឬលាយខ្លះ គឺអាចបន្ថយកម្រិតហានិភ័យរបស់ជំងឺទារកស្លាប់តន់ហន់ (SIDS) ។ ហើយប្រសិនបើការបំបៅកូនដោយទឹកដោះម្តាយសុទ្ធរហូតដល់អាយុ ១ ខែអាចបន្ថយហានិភ័យរហូតដល់ពាក់កណ្តាលក្នុងការកាត់បន្ថយជំងឺ SIDS នេះ។

៧. ជួយបន្ថយកំរិតតានតឹងរបស់ម្តាយ៖ ស្រ្តីដែលមិនបានបំបៅកូនដោយទឹកដោះម្តាយ ឬបញ្ឈប់បំបៅកូនម្តាយអាចនឹងប្រឈមនឹងហានិភ័យខ្ពស់ក្នុងការកើតជំងឺធ្លាក់ទឹកចិត្តក្រោយឆ្លងទន្លេ។ ស្ត្រីជាច្រើន មានអារម្មណ៍ធូរស្រាលក្រោមពេលបំបៅកូន។ បញ្ហានេះ កើតឡើងដោយសារការបំបៅកូនដោយទឹកដោះម្តាយ វាបញ្ចេញនូវអ័រម៉ូនអុកស៊ីតូស៊ីន (oxytocin) ដែលជាអ័រម៉ូនជួយជម្រុញឲ្យស្ត្រីមានភាពធូរស្រាលក្នុងខ្លួន។ បើទោះបីជា អ្នកកំពុងទទួលការព្យាបាលលើបញ្ហាជំងឺធ្លាក់ទឹកចិត្ត អ្នកក៏នៅតែអាចបំបៅកូនរបស់អ្នកបានដែរ។


៨. កាត់បន្ថយហានិភ័យជម្ងឺមហារីកមួយចំនួន៖ មានការសិក្សាជាច្រើនបង្ហាញថា ស្ត្រីបំបៅកូនដោយទឹកដោះកាន់តែយូរ ពួកគេកាន់តែបង្កើនការប្រឆាំងទៅនឹងជំងឺមហារីកសុដន់ និងអូវែ។ ដើម្បីបងា្ករជំងឺមហារីកសុដន់ ការបំបៅកូនយ៉ាងហោចណាស់ឲ្យបានមួយឆ្នាំ នោះលទ្ធផលនឹងមានប្រសិទ្ធភាពខ្ពស់។ វាអាច ការពារបានដោយសារតែការបំបៅកូន វានឹងបន្ថយការបញ្ចេញអ័រម៉ូនអឺស្ត្រូស (Estrogen) នៅក្នុងខ្លួន ៕


ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ Onlymyhealth


Tags: Health news